(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះព្រៃកក់ ហើយគំរាមកំហែងដល់ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្បែរនោះ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជាង២រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយអន្ដរាគមន៍ជួយពន្លត់ទាន់ពេល របស់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ។
ភា្នក់ងារ Fresh News បានឲ្យដឹងថា ការជួយអន្ដរាគមន៍ពន្លត់នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់៣គ្រឿង ក្នុងនោះឡានទឹកមកពីអង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន២គ្រឿង និងឡានទឹករបស់សាលាខណ្ឌពោធិ៍សែនជ័យ មួយគ្រឿង។
អគ្គិភ័យនេះ មិនបានរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងស្ថានីយ៍ប្រេងឥន្ធនៈ ដែលនៅក្បែរនោះឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅកែងផ្លូវទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕