(ភ្នំពេញ)៖ របាយការណ៍ការប្រើប្រាស់ កម្លាំងពលកម្មកុមារធ្ងន់ធ្ងរដូចទាសករ ក្នុងសិប្បកម្មឡឥដ្ឋមួយចំនួននៅកម្ពុជា ដែលចេញដោយអង្គការលីកាដូ កាលពីពេលកន្លងទៅ ត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លើយតបវិញថា «កុំចាំតែអង្គុយធ្វើរបាយការណ៍ដោយគ្មានវិជ្ជាជីវៈ បើឃើញមានពលកម្មកុមារនៅកន្លែងណាក៏ដោយ ត្រូវរាយការណ៍ទៅមន្រ្តីការងារដែលនៅជិតបំផុត ដើម្បីចុះទៅដោះស្រាយភ្លាមៗ»។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពីធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពជាតិស្ដីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ នាទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះករណីមានការប្រើប្រាស់ពលកម្មកុមារធ្ងន់ធ្ងរដូចទាសករ នៅក្នុងសិប្បកម្មឡឥដ្ឋមួយចំនួន ដែលចេញផ្សាយជាសាធារណៈដោយអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ កាលពីពេលកន្លងទៅនោះ ក្រសួងការងារបាន និងកំពុងបន្តចុះធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់ ដើម្បីដោះស្រាយរាល់បញ្ហានានា ដែលកើតឡើងលើកុមារកម្ពុជា តែរហូតមកដល់ពេលនេះ មិនទាន់មានករណីដូចក្នុងរបាយការណ៍នោះ នៅឡើយទេ។
លោករដ្ឋមន្រ្តីថា «សូមឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើតអធិការកិច្ចឲ្យខ្ពស់ ហើយសុំឲ្យអង្គការដៃគូទាំងអស់ជួយឃ្លាំមើល បើឃើញករណីណាមួយកើតឡើង ទាក់ទងនឹងពលកម្មកុមារ សូមផ្ដល់ព័ត៌មានជាបន្ទាន់មកមន្រ្តីអធិការកិច្ចការងារ ដែលមាននៅកន្លែងនោះ ជាជាងទៅធ្វើរបាយការណ៍ដែលពុំមានវិជ្ជាជីវៈ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់សង្គមជាតិកម្ពុជា ប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល»។
លោករដ្ឋមន្រ្តីបានបន្តថា «នេះមិនមែនជារបាយការណ៍វិជ្ជមានទេ ហើយក្រសួងក៏មិនស្វាគមន៍ជាមួយឡើយ ខ្ញុំមិនចង់និយាយថា អ្នកណាជាអ្នកធ្វើរបាយការណ៍នោះទេ តែក្រសួងក៏កំពុងបើកការស៊ើបអង្កេត ទៅលើរបាយការណ៍ដែលមានកន្លងមក ផងដែរ»។
លោក អ៊ិត សំហេង ថែមទាំងបានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រើប្រាស់ពលកម្មកុមារ នៅកន្លែងធ្វើការ ហើយបានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាកុមារទាំងអស់ មិនត្រូវទៅធ្វើការនៅកន្លែង ដែលប្រើប្រាស់ពលកម្មកុមារធងន់ធ្ងរជាដាច់ខាត។
សូមជម្រាបថា អង្គការលីកាដូបានចេញរបាយការណ៍មួយ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដោយរាយការណ៍ថា បញ្ហាទាសភាព ឬការបញ្ចាំខ្លួនដើម្បីដោះបំណុលនៅកម្ពុជា មកដល់សម័យបច្ចុប្បន្ន នៅតែកើតមាននៅឡើយ ហើយបានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើប ក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា។
ដោយឡែក នៅថ្ងៃទី២៩ ខែធ្នូនេះ ក្រសួងការងារបានដាក់ចេញទិសដៅផែនការសកម្មភាពថ្មី ដើម្បីកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឲ្យបាននៅឆ្នាំ២០២៥៕