(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាស និងព្រមានដកដំណែងអភិបាលខេត្ត នៅតាមបឹងទន្លេសាប បើសិនបន្តឲ្យកើតមានបទល្មើសនេសាទកើតឡើងនោះ។ ខេត្តនៅជុំវិញបឹងទន្លេសាបមានចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
សម្តេចក្រឡាហោម ក៏បានបញ្ជាឲ្យបន្តសកម្មភាព បង្ក្រាបបទល្មើសនេសាទ ជាលក្ខណៈទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ ដើម្បីដោះស្រាយឲ្យបាននូវបញ្ហាបទល្មើលនេសាទនៅក្នុងបឹងទន្លេសាបនេះ។ នេះបើយោងតាមគេហទំព័រនគរបាលជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងពិធី បិទសន្និបាទបូកសុបលទ្ធការងារប្រចំាឆ្នំា២០១៦ និងលើកទិសដៅបន្តឆ្នំា២០១៧ របស់សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាល និងបង្កើតក្រុមការងារមួយដឹកនំាដោយនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបានជាតិ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយសកម្មភាពនេះធ្វើជាប្រចំា ដោយសម្តេច និងជិះយន្តហោះពិនិត្យមើល ពីខាងលើក្នុង២សប្តាហ៍ម្តងឬ១ខែម្តង។
សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់ បឹងទន្លេសាប សម្តេចមើល ពីលើឃើញថា បទល្មើសនេសាទ មានច្រើនទំាងនៅកណ្តាល បឹងទន្លេសាប និងព្រៃលិចទឹកនៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវឲ្យយើងដោះស្រាយ ជាបន្ទាន់។
សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទំាងអស់នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈគ្រួសារបានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោលឡូតិ៍នេសាទ ហើយបទល្មើស គឺកើតឡើងយ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយបន្ទាន់៕