(ភ្នំពេញ)៖ អតីតក្រឡាបញ្ជីតុលាការកំពូលមួយរូប ដែលប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក វ៉ាត ពិសិដ្ឋ អតីតក្រឡាបញ្ជីតុលាការកំពូល ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជំនុំជម្រះបទល្មើស «វិតិក្រម និងបទរំលោភអំណាច តាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ»។
ក្រោយការសួរដេញដោលលោកចៅក្រម ថាន់ ឡេង បានប្រកាសសាលក្រមភ្លាមៗផ្តន្ទាទោសលោក វ៉ាត ពិសិដ្ឋ ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ៥ខែប៉ុណ្ណោះ និងសងប្រាក់ដើមបណ្ដឹងចំនួន៦ពាន់ដុល្លារ។
យោងតាមការសម្រេចនេះលោក វ៉ាត ពិសិដ្ឋ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។
គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ បានសម្រេចឃុំខ្លួន លោក វ៉ាត ពិសិដ្ឋ ដាក់ពន្ធនាគារបណ្តោះអាសន្ន។
លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ។ អតីតក្រឡាបញ្ជីតុលាការកំពូលរូបនេះ ទើបនឹងផ្លាស់មកពីខេត្តប៉ៃលិន ៕