(បន្ទាយមានជ័យ)៖ ក្រុមសមាជិកសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើននាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំតវ៉ានៅចំណុចក្បាលស្ពានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរហូតនាំគ្នាបិតផ្លូវជាតិលេខ៥ផងដែរ ក្នុងគោលបំណងទាមទារឲ្យដោះលែងលោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទបើកបុកនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ចន្ទពិសិដ្ឋ និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំក្រុមការងាររកវិធីដោះស្រាយលើករណីលោក ឌិន ពុទ្ធី និងព្យាយាមសម្របសម្រូលជាមួយប្រជាពលរដ្ឋ កុំឲ្យរាលដាលរហូតមានការបិទផ្លូវជាតិលេខ៥ និងច្រកទ្វារប៉ោយប៉ែត។
លោក មាស ចន្ទពិសិដ្ឋ បានបញ្ជាក់ថា «ការបិទផ្លូវនេះ អាចនឹងបង្កឲ្យមានការកកស្ទះចរាចរណ៍ និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយហេតុថា បច្ចុប្បន្ននេះច្រកទ្វារប៉ោយប៉ែត មានរថយន្តជាច្រើនគ្រឿងធ្វើចរាចរណ៍ដឹកទំនិញចេញចូល ហើយជាពិសេសអាចប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលឆ្លងកាត់និងធ្វើដំណើរទៅមកកម្ពុជា-ថៃ»។
យ៉ាងណាក៏ដោយ ការតវ៉ានេះ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញហើយដែរ ហើយច្រកទ្វារប៉ោយប៉ែតក៏បានបើកដំណើរការជាធម្មតាវិញ ហើយដែរក្រោយមានការអន្តរាគមន៍ពីលោកព្រះរាជអាជ្ញា ស្នងការ លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត រួមជាមួយប្អូនប្រុសលោក ឌិន ពុទ្ធី គឺលោក ឌិន ធារ៉ា។
សូមជំរាបថា កាលពីពេលថ្មីៗនេះមានគ្រោះថ្នាក់ចរាចណ៍រវាងលោក ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងលោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតមានការឃុំខ្លួនលោក ឌិន ពុទ្ធី ហើយសម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការរិះគន់ពីសាធារណជនជាច្រើនផងដែរ៕