(ភ្នំពេញ)៖ យុវជន៣នាក់ពេលមកពីទិញគ្រឿងញៀន ខណៈមិនទាន់ទាំងដល់គោលដៅ ដែលត្រូវជក់ផង ស្រាប់តែត្រូវកម្លាំងនគរបាល ប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលកំពុងបន្តសកម្មភាព យាមល្បាតតាមដងផ្លូវ ក្របួចជាប់ ហើយដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង។
អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងនៅវេលា ម៉ោង២៖៣០រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីសមាសភាពទាំងនេះ បានជិះម៉ូតូមកពីទិញគ្រឿងញៀន ដោយឆ្លងកាត់គោលដៅយាមល្បាតរបស់កម្លាំង នគរបាលមូលដ្ឋាន ទើបមានការសង្ស័យ ក៏ធ្វើការឃាត់ដើម្បីឆែកឆេនិងត្រួតពិនិត្យជាបន្តបន្ទាប់ ហើយបានរកឃើញក្រាមសថ្លា ជាថ្នាំញៀនចំនួន៤កញ្ចប់តូច ដែលបក្ខពួកជនសង្ស័យបានរក្សា លាក់ទុកនៅក្នុងខ្លួន ក្នុងបំណងយកទៅធ្វើសកម្មភាពប្រើ ប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរមាន ម៉ូតូ២គ្រឿងផងដែរទី១-ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០ ០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-0539 ទី២-ម៉ាកហុងដាសេ១២៥ដូចគ្នា សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-3116។
លោកអធិការរងព្រហ្មទណ្ឌបានបញ្ជាក់ទៀតថា សមាសភាពដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ លៅ សូនី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ នៅផ្ទះ ទី២-ឈ្មោះ ណុល ភារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣-ឈ្មោះ សើ រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ សំណង់ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិព្រែកអំពិល និងភូមិក្នុងឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយបង្ក្រាប ក្រុមជនសង្ស័យជាប់ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តអនុវត្តតាមនិតិវិធី៕