(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ផ្សព្វផ្សាយអប់រំអំពីគោលនយោបាយសន្តិសុខសង្គម ដល់ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំ ប.ស.ស។
ប.ស.ស បានអញ្ជើញ មន្រ្តីសហជីពជាតិកម្ពុជាជាង១០០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញឲ្យក្លាយទៅជាគ្រូបង្គោល ផ្សព្វផ្សាយអប់រំអំពីគោលនយោបាយសន្តិសុខសង្គមដើម្បីទៅផ្សព្វផ្សាយអប់រំបន្ត ទៅកម្មករ-កម្មការិនីនៅតាមមូលដ្ឋាន រោងចក្រ សហគ្រាស គ្រឹះស្ថាន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ខ្លឹមសារនៃការផ្សព្វផ្សាយអប់រំមានជាអាទិ៍៖
១. របបហានិភ័យការងារ
+ បង្ហាញពីប្រភេទគ្រោះថ្នាក់ការងារ (ក្នុងពេលធ្វើការងារ, ធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលវិញ)
+ បង្ហាញពីសេវាតាវកាលិក រួមមាន៖ ការផ្តល់សេវាសង្គ្រោះបន្ទាន់, ការថែទាំនិងព្យាបាល, ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ, ធនលាភ និងវិភាជន៍ចំពោះការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍, វិភាជន៍បូជាសព ៤លាន(៤.000.000៛)រៀល និងសោហ៊ុយដឹកសពដល់លំនៅដ្ឋាន, ធនលាភឧត្តមជីវី, ការផ្តល់សេវាបុនីតិសម្បទា
+ បង្ហាញពីការណែនាំទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់កើតឡើង។
២. ថែទាំសុខភាព
+ បង្ហាញពីការចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ
+ បង្ហាញពីការផ្តល់សេវាតាវកាលិក
-ការផ្តល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត
- សេវាបង្ការ
- ប្រាក់បំណាច់ប្រចាំថ្ងៃដោយជម្ងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាព
+ បង្ហាញពីអាសយដ្ឋានមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង
៣. របបសោធននិវត្តន៍
+ បេឡាជាតិរបបសន្តិសុខសង្គម កំពុងតែរៀបចំលិខិតបទដ្ឋាន និងត្រៀមដាក់ឲ្យដំណើរការរបបសោធន៍និវត្តន៍នៅក្នុងឆ្នាំ២០១៧
៤. លក្ខខណ្ឌអនាម័យ និងសុវត្ថិភាពកម្មករ ក្នុងកន្លែងធ្វើការងាររបស់កម្មករនិយោជិត
៥. លក្ខខណ្ឌការងារ ដែលនិយោជកត្រូវគោរពជាធរមាន។
៦.សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត
+ បង្ហាញពីអន្តរការណ៍នៃការពិន័យផ្សេងៗដែលល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
+ ការណែនាំឲ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕