(ភ្នំពេញ)៖ ដោយមើលឃើញសព្វថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងឥស្លាមបាននាំគ្នាមកស្ទូចត្រី ក៏ដូចជាការនេសាទផ្សេងៗ ដែលប្រើទូកឬសម្ទូចនោះ ទើបនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះណែនាំដល់ប្រជានេសាទ ដែលនាំគ្នាមកនេសាទទាំងនោះ ឲ្យបញ្ឈប់ការនេសាទនៅតំបន់ហាមឃាត់ទាំងនេះទៀត។
លោក សុខ ពេញវុធ អភិបាលខណ្ឌ បានណែនាំដល់បងប្អូន ដែលនាំគ្នាមកនេសាទនៅតាមមាត់ទន្លេនោះថា តំបន់ដែលចាត់ទុកជាតំបន់អភ័យភូមិ (តំបន់ហាមឃាត់) មិនឲ្យមានការចាប់នេសាទនោះ គឺចាប់ពីខាងមុខផ្សាររាត្រីរហូតដល់ខាងកើតសាលសន្និសីទ ជាពិសេសទៀតនោះ គឺខាងមុខព្រះបរមរាជ្យវាំង មិនត្រូវឲ្យមានការនេសាទដាច់ខាត ដូច្នេះលោកអភិបាល ក៏បានសុំការអធ្យាស្រ័យពីបងប្អូន ដែលចូលចិត្តមកនេសាទទាំងនោះផង។
លោក សុខ ពេញវុធ បានបន្តថា ចំពោះប្រជានេសាទឥស្លាមវិញ ដែលតែងតែប្រើទូកនាំគ្នានេសាទនៅតំបន់អភ័យភូមិ ដែលហាមឃាត់មិនឲ្យនេសាទនោះ បើទោះអាជ្ញាធរខណ្ឌ មិនបានហៅពួកគាត់មកណែនាំដោយផ្ទាល់នោះ ក៏អាជ្ញាធរបានស្រែកប្រកាសតាមមេក្រូ ដើម្បីតម្រូវឲ្យពួកគាត់ត្រូវតែផ្លាស់ប្តូរការនេសាទ ពីតំបន់ហាមឃាត់នេះ ទៅរកកន្លែងផ្សេងវិញចៀសវាងការមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនឹងឈានដល់ការចាប់ឃាត់ របស់របរឬឧបករណ៍នេសាទរបស់ពួកគាត់ យកមករក្សាទុក។
ជាមួយនឹងការ ចុះណែនាំដល់ប្រជានេសាទនាព្រឹកនេះ លោកអភិបាលខណ្ឌ បានចុះទៅពិនិត្យការបាញ់ទឹកលាងសំអាតតាមមាត់ច្រាំងទន្លេ ហើយតម្រូវឲ្យក្រុមប្រជាការពារ ត្រូវតែធ្វើជាប្រចាំដើម្បីកុំឲ្យមានខ្លិនឆ្អេះឆ្អាបដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសដែលមកអង្គុយទស្សនាទិដ្ឋភាព តាមមាត់ច្រាំងទន្លេដែលចាប់ពីមុខផ្សាររាត្រី ដល់ខាងមុខព្រះបរមរាជ្យវាំងនោះ៕