(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូសណ្តោងរ៉ឺម៉ក ៦៥គ្រឿង ជូនមន្រ្តីសាធារណការ និង ដឹកជញ្ជូន ចេញធ្វើយុទ្ធនាការថែទាំផ្លូវ និង លុបផ្លូវសំបុកមាន់។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី លេចធ្លោរក្នុងការធ្វើកំណែទម្រង់ និងទំនើបកម្មនោះ ម៉ូតូសណ្តោងរ៉ឺម៉កទាំង ៦៥គ្រឿងនេះ នឹងត្រូវចែកជូនទៅតាមមន្ទីរសាធារណការនៅទូទាំងប្រទេស ហើយ ១២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ។
នៅលើម៉ូតូសម្រាប់ធ្វើសកម្មភាពថែទាំផ្លូវ និងលុបសំបុកមាន់នេះ រួមមាន៖ អាវសុវត្ថិភាព មួកសុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាកសញ្ញាមានការដ្ឋាន ផ្លាកសញ្ញាចប់ការដ្ឋាន បង្គោលចរាចរណ៍រាងសាជី សញ្ញាបង្វែរទិស ខ្សែការពារការដ្ឋាន របាការពារការដ្ឋាន ម៉ាស៊ីនភ្លើង ម៉ា ស៊ីនបង្ហាប់ ជើងដំរី កៅស៊ូ និង មានមន្រ្តីបញ្ជាចរាចរណ៍ផងដែរ។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ម៉ូតូទាំង ៦៥គ្រឿងនេះ បានចំណាយថវិកាប្រមាណ ៤៥ម៉ឺនដុល្លារ ហើយនៅឆ្នាំ២០១៧ ខាងមុខ គ្រោងនឹងទិញម៉ូតូ និង រថយន្តមួយចំនួនទៀត ដើម្បីបម្រើការថែទាំ និងជួសជុលផ្លូវខូចឲ្យកាន់តែប្រសើរថែមទៀត។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រុមការងារថែទាំផ្លូវ និងលុបសំបុកមាន់នេះ នឹងចាប់ផ្តើមការងារចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ក្រុមការងារនេះ នឹងត្រូវជិះម៉ូតូត្រួតពិនិត្យផ្លូវនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ហើយបើឃើញផ្លូវខូច ត្រូវជួសជុលភ្លាមៗតែម្តង។
ទាំងនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ព្រោះតែកម្សោយ ក្នុងការថែទាំ និងជួសជុលផ្លូវនេះ បានធ្វើឲ្យផ្លូវ ដែលខូចតិចតួចមួយចំនួន បានប្រែក្លាយទៅជាខូចខាតធ្ងន់ធ្ងរ៕