(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានឆក់ទូរស័ព្ទដៃ ពីយុវតី២នាក់ បានសម្រេច តែពេលកំពុងជិះម៉ូតូព្យាយាមគេចខ្លួន ក៏ជ្រុលចង្កូតទៅបុក និងខឿនចិញ្ចើមផ្លូវបណ្តាលឲ្យបែកកង់ម៉ូតូខាងមុខដួល ហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាន និងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ទ្រោមខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវ ២០០៤ មុខសាលាអន្តរជាតិ CIA ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់ ម៉ៅ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ) និងទី២ ឈ្មោះ ស៊ុ សុភា អាយុ១៨ឆ្នាំ មុខរបរជាសិស្សរៀន នៅមណ្ឌលភាពញញឹម នៃកុមារស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (អ្នកធ្វើសកម្មភាពឆក់)។
ចំណែកឯយុវតីរងគ្រោះខាងលើ ឈ្មោះ ឡែន លីដា អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសំដីយុវតីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1FL-1599 ដោយមានមិត្តភ័ក្តិជាយុវត្តីដូចគ្នាម្នាក់ឈ្មោះ ហេង មី ជីង អាយុ១៤ឆ្នាំ រៀននៅសាលាជាមួយគ្នា ស្នាក់នៅផ្ទះលេខ ១៣៣ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកឌុបចេញពីសាលារៀនគោលបំណងទៅផ្ទះនៅភូមិស្លែងរលើង ខណៈមកដល់ចំណុចខាងលើនាងបានយកទូរស័ព្ទម៉ាក Iphone5 ពណ៌ប្រាក់ គោលបំណងចុចតេ ស្រាប់តែមានជនសង្ស័យ ២នាក់មានជនសង្ស័យ២នាក់ជិះម៉ូតូ សេ c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9762 មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនាងបានសម្រេច ពេលនោះធ្វើឲ្យម៉ូតូរបស់នាងដួលរងរបួសរលាត់ដៃជើងទាំងពីរនាក់។
ចំណែកជនសង្ស័យ ក្រោយពីឆក់បានសម្រេចហើយ បានព្យាយាមបើកម៉ូតូរត់ជ្រុលចង្កូតទៅបុកនិងខឿនចិញ្ចើមផ្លូវបណ្តាលឲ្យបែកកង់ម៉ូតូខាងមុខ ដួលហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាន និងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ទ្រោមខ្លួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ ក៏បានប្រកែកថាខ្លួនមិនឆក់ទូរស័ព្ទដៃរបស់យុវត្តីខាងលើទេ គ្រាន់ តែជិះប៉ះដៃចង្កូត បណ្តាលឲ្យម៉ូតូយុវត្តីខាងលើដួលប៉ុណ្ណោះ ដោយសារខ្លួនភ័យទើបបើកម៉ូតូរត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ក្រោយពីសាកសួរនៅប៉ុស្តិ៍ទឹកថ្លាចប់បានឃាត់ខ្លូនបណ្តោះអាសន្នយកមកអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕