(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ រួមជាមួយព្រះគ្រូ ចៅអធិការវត្តព្រែកជ្រៃ ព្រះគ្រូចៅអធិការវត្តជើងឯក បានដឹកនាំអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា អំណោយចែកជូនក្នុងឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រមា១) និងថវិកា៣ម៉ឺនរៀល។ ព្រះគ្រូ នូ សាំង ចៅអធិការវត្តព្រែកជ្រៃ បានឧបត្ថម្ភ បន្ថែម ក្នុងមួយគ្រួសារ មី១កេស។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ដែលជានិច្ចកាលសម្តេចតែងគិតគូដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា កុមារកំព្រាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍។
លោកអភិបាល ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានខណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកអភិបាលក៏បានផ្តាំផ្ញើដល់លោកតាលោកយាយ បងប្អូនទាំងអស់ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អបន្តមើលការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង៕