(ភ្នំពេញ)៖ ផលិតករល្បីៗ ដែលបានបង្ហាញស្នាដៃ ផលិតរឿងជាច្រើន ដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត បានបង្ហាញសុទិដ្ឋិនិយមរៀងៗខ្លួន ចំពោះព្រឹត្តិការណ៍​ភាពយន្តប្រចាំឆ្នាំ ត្រូវបានរោងភាពយន្ត Legend រៀបចំឡើងប្រចាំ​ឆ្នាំ២០១៦នេះ ដែលជាក្ដីសង្ឃឹមថ្មីមួយ ជួយជ្រោមជ្រែងលើកកំពស់វិស័យកុនខ្មែរ និងជាការផ្ដល់កម្លាំងចិត្ត​ដ៏ធំធេង ដល់ផលិតករទាំងអស់ ដើម្បីបន្តកិច្ចការផលិតភាពយន្ត​ខ្មែរបន្តទៀត មិនភ័យបារម្ភខ្លាចខ្វះទីផ្សារ ដាក់បញ្ចាំង។

ព្រឹត្តិការណ៍ភាពយន្ត​ប្រចាំឆ្នាំ២០១៦ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ របស់ប្រទេសកម្ពុជា ត្រូវបានប្រារព្ធឡើង នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្ត Legend ទូលគោក ផ្សារទំនើប TK Avenue ដោយមានការអញ្ជើញចូលរួម ពីសំណាក់ផលិតករល្បីៗ តារាសម្ដែង មានកេរ្តិ៍ឈ្មោះ និងទទួលបានប្រជាប្រិយភាព អ្នកដឹកនាំការផលិត និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត។

លោក ប៉ុល វិបូ ហៅ នីត ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «Angkor Picture» បានថ្លែងឲ្យដឹងថា លោកពិតជាមានសេចក្ដីរីករាយ ដែលបានឃើញរោងភាពយន្ត Legend រៀបចំព្រឹត្តិការណ៍នេះ​ឡើង ដើម្បីឲ្យផលិតករទាំងអស់ ប្រឹងប្រែងផលិតភាពយន្ត​ឲ្យមានគុណភាព ប្រកួតប្រជែងគ្នា ហើយក៏ក្នុងន័យចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យ​ភាពយន្តខ្មែរ របស់យើងផងដែរ។

ចំណែកលោក អ៉ិន សុភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា ក្នុងនាមលោកជាអ្នកបម្រើ ក្នុងវិស័យភាពយន្តច្រើនឆ្នាំមកហើយ លោកសូម​កោតសរសើរ ចំពោះរោងភាពយន្ត Legend ដែលបានផ្ដួចផ្ដើមគំនិត រៀបចំកម្មវិធីនេះឡើង។ ជាការពិតផលិតកម្ម មហាហង្ស បានផលិតភាពយន្ត​ជាច្រើន ក្នុងមួយ​ឆ្នាំៗ​​ ដើម្បីដាក់បញ្ចាំង​ក្នុ​ងរោងភាពយន្ត ប៉ុន្តែនេះជាលើកទី១ហើយ សម្រាប់​ប្រទេសកម្ពុជាយើង ដែលបានការចាត់ចំណាត់ថ្នាក់ ថា តើភាពយន្តមួយណា ដែលល្អបំផុត ទទួលបានការគាំទ្រពីទស្សនិកជនច្រើនជាងគេ ប្រចាំឆ្នាំ។

យ៉ាងណាមិញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture ក៏បានបង្ហាញក្ដីរំពឹងថា ភាពយន្តខ្មែរនឹងមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលផលិតបានហើយ មិនខ្វះទីផ្សារបញ្ចាំង។ ផលិតកម្ម LD បានទទួលជោគជ័យ​ ក្នុងការ​ផលិតរឿងជាច្រើន ជាពិសេសផ្ដោតសំខាន់​លើគុណភាព ហើយព្រឹត្តិការណ៍នេះ ក៏ជាសញ្ញាមួយបង្ហាញឲ្យដឹងថា ភាពយន្តនីមួយៗ ត្រូវពង្រឹងលើគុណភាព ជាចំបង​ផងដែរ។

ងាកមកផលិតករវ័យ​ក្មេង លោក ចាន់ ណារ៉ូណាន់ តំណាងផលិតកម្ម «ឥន្ទ្រានិម្មិត» ដែលធ្វើឲ្យកក្រើកភាពយន្តខ្មែរ​ តាមរយៈការផលិតរឿង «កំណត់ហេតុនាងនាថ» បានបញ្ជាក់ថា លោកពិតជាមានមោទនភាព ​និងមិននឹកស្មានដល់ថា រឿងរបស់ខ្លួនត្រូវជាប់ជា​រឿង​ ទទួលបានការគាំទ្រ ខ្លាំងជាងគេ ពីទស្សនិកជន​ឡើយ។ ក្រៅពីចំណុចខ្លាំង ភាពយន្តខ្មែរ ក៏នៅមានចំណុចខ្វះខាត​​​មួយចំនួនទៀត ដើម្បីបន្តការសិក្សា និងកែលម្អ ដើម្បីឈានទៅរកវាយលុកទីផ្សារទាំងក្នុង និងក្រៅស្រុក ហើយលោក​រំពឹងថា ភាពយន្តខ្មែរនឹង​កាន់តែរីកចម្រើនខ្លាំងទៀត សម្រាប់ឆ្នាំ២០១៧​ខាងមុខនេះ​។ លោកក៏រំពឹងដែរថា​ ព្រឹត្តិការណ៍ដូចគ្នានេះ នឹងបន្តកើតមានឡើងសម្រាប់ ឆ្នាំក្រោយៗទៀត​។

ដោយឡែក អ្នកស្រី គីវ ឆវ៉េត នាយកប្រតិបត្តិប្រចាំ រោងភាពយន្ត Legend បានថ្លែងឲ្យដឹងថា គុណភាពភាពយន្តខ្មែរ មានការរីកចម្រើនគួរ​​កត់​​​សម្គាល់ ហើយនៅតែទទួល​បានការគាំទ្រខ្លាំង ពីទស្សនិកជនក្នុងស្រុក។ ​ការបង្កើតឲ្យមានព្រឹត្តិការណ៍ភាពយន្ត​ ប្រចាំឆ្នាំ២០១៦នេះ គឺជាការបង្ហាញឆន្ទៈ​ក្នុង​ការ ចូលរួម​លើកទឹកចិត្ត ដល់សិល្បករ​ ផលិតករ និងគាំទ្រវិស័យភាពយន្ត​​នៅកម្ពុជា។ លោកស្រីរំពឹងដែរថា ព្រឹត្តិការណ៍ដូចគ្នានេះ នឹងត្រូវរៀបចំធ្វើឡើងបន្តទៀត សម្រាប់ឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងផលិតកម្មធំៗចំនួន ៨ មានដូចជា ក្រុមហ៊ុន WML,Sabay MVP ផលិតកម្ម RED PICTURE ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស ផលិតកម្ម Rock និងផលិតកម្ម ឥន្ទ្រានិម្មិតជាដើម​ ត្រូវបានអញ្ជើញ​ឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយម និង​រកប្រាក់ចំណូលបានខ្ពស់​សម្រាប់ឆ្នាំនេះ។ ​

សម្រាប់ភាពយន្ត ដែលទទួលបានការគាំទ្រច្រើន ជាងគេប្រចាំឆ្នាំ មានដូចជាភាពយន្តរឿង​ «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស, រឿង «ចន្ទ្រា» របស់ផលិតកម្ម អង្គរភីឈ័រ, រឿង​«សិស្សប្អូនសំណព្វចិត្ត» របស់ផលិតកម្មរ៉ក់ (Rock), ​រឿង«កំពូលអ្នកសុំទានជួបស្នេហ៍» របស់ផលិតកម្ម អិលឌី (LD Picture), រឿង «ទង់ព្រលឹង» របស់ផលិតកម្មរ៉េដ (RED Picture), រឿង«កំណត់ហេតុនាងនាថ» ​របស់ផលិតកម្មឥន្ទ្រានិម្មិត, រឿង«Joking Jazz 4G, Captain America,The Conjuring 2» របស់ ក្រុមហ៊ុនវេសស្តេក(WML), រឿង« ប៉ុបពីទៅហូលីវូដ»​និងរឿង«Fast 888» របស់ក្រុមហ៊ុនសប្បាយ( Sabay MVP) ជាដើម៕​