(មណ្ឌលគិរី)៖ រដ្ឋមន្រ្តី ៤រូប រួមមានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានធ្វើដំណើររួមគ្នាចុះទៅកាន់ស្រុកកោះញែក ដើម្បីពិនិត្យដោះស្រាយសំណូមពររបស់ជនជាតិដើមភាគតិចពាក់ព័ន្ធការតាំងទីលំនៅ។
យោងតាមមន្រ្តីអមដំណើរ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដំណើររបស់រដ្ឋមន្រ្តីទាំង ៤រូប ទៅកាន់ស្រុកកោះញែកនេះ បានធ្វើឡើង បន្ទាប់ពីមានជនជាតិ ដើមភាគតិចចំនួន ៥៣គ្រួសារ បានសំណូមពរទៅរស់នៅលើដីភូមិក្លងឡែចាស់ ជាភូមិ ដែលពួកគេបានរស់នៅមុនសម័យប៉ុលពត។
បើតាមរបាយការណ៍របស់លោក មើល សឿន អភិបាលស្រុកកោះញែក បានឲ្យដឹងថា ភូមិក្លងឡែចាស់ ជាភូមិដែលជនជាតិដើមភាគតិច បានរស់នៅមុនសម័យរបបប៉ុល ពត ជាដីមានជីវជាតិ មានទឹកគ្រប់គ្រាន់សម្រាប់ប្រកបរបរធ្វើស្រែចំការ។ លុះដល់របបប៉ុល ពត ប្រជាពលរដ្ឋក្នុងភូមិត្រូវបានជម្លៀសចេញ និងយកទៅរស់នៅប្រមូលផ្តុំ នៅតាមមាត់អូរច្បារ ហើយក៏បន្តរស់នៅរហូតមកដល់បច្ចុប្បន្នតែម្តង។
លោក មើល សឿន បន្តថា ដោយសារតែបច្ចុប្បន្នជនជាតិដើមភាគតិចរស់នៅតាមមាត់អូរច្បារនេះ កើនឡើងកាន់តែច្រើសន ហើយទឹកហូរដាច់ដីជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ ខ្វះដីសម្រាប់ការរស់នៅ ក៏ដូចជាប្រកបរបរធ្វើស្រែចំការ។ ព្រោះតែការជួបបញ្ហានេះ ទើបពួកគេស្នើសុំរាជរដ្ឋាភិបាល ត្រឡប់ទៅរស់នៅ លើដីភូមិចាស់ (ភូមិក្លឡែចាស់) ជាភូមិ ដែលពួកគេរស់នៅតាំងពីដូនតា ហើយមានលក្ខណៈអំណោយផលល្អសម្រាប់ការរស់នៅ និងសម្រាប់ការដាំដុះដំណាំ ធ្វើស្រែចំការចិញ្ចឹមជីវិតផងដែរ។
ក្នុងជំនួបដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីទាំង ៤រូប ក្រុមប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យរដ្ឋមន្រ្តីទាំង ៤រូប ជួយគាំទ្របង្កើតសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ០៤ភូមិ គឺភូមិអញ្ជ័រ ភូមិជីក្លប ភូមិស្រែធំ ស្ថិតក្នុងឃុំសុខសាន្ត និងភូមិអន្ត្រេះ ស្ថិតក្នុងអបួនលើ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក៏បានស្នើសុំរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជួយស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំស្រែសង្គម ដែលជាទីប្រជុំជនស្រុកកោះញែក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគេ។
បន្ទាប់ពីការដើរពិនិត្យដោយផ្ទាល់ពីស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋកំពុងរស់នៅ នាពេលបច្ចុប្បន្ន ក៏ដូចជាភូមិចាស់ ដែលពួកគេចង់ ផ្លាស់ប្តូរនោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា លោក និងរដ្ឋមន្រ្តី ៣រូបផ្សេងទៀត នឹងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពជួយសម្រេចសំណូមពររបស់ប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច បានបង្ហាញក្តីត្រេកអរ និងរីករាយផងដែរ បន្ទាប់ពីឃើញការយកចិត្តទុកដាក់ របស់មន្រ្តីរាជរដ្ឋាភិបាល ទៅលើបញ្ហារស់នៅ របស់ពួកគេ និងបានធ្វើដំណើរចុះទៅដោយផ្ទាល់បែបនេះ។
សូមបញ្ជាក់ថា ស្រុកកោះញែកជាស្រុក ដាច់ស្រយាល់មួយ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ ស្រុកនេះ មានផ្ទៃដីសរុប ៥២៨,២០៧ហិកតា មានផ្ទៃដីដាំដុះចំនួន ២០,៧១១ មានប្រជាពលរដ្ឋរស់នៅសរុប ២០,៤៦៧នាក់។ ស្រុកកោះញែក មានជនជាតិសរុប ៩ជនជាតិ រួមមាន៖ ជនជាតិខ្មែរ ព្នង ចាម គ្រឹង ទំពូន ក្រោល ចិន ឡាវ និងវៀតណាម។
ស្រុកកោះញែក មានព្រំប្រទល់ខាងលិច ជាប់ស្រុកសំបូរ ខេត្តក្រចេះ ខាងកើតជាប់ស្រុក បនដន-អ៊ែរស៊ុប ខេត្តដាឡាក់ ប្រទេសវៀតណាម ខាងជើងជាប់ស្រុកលំផាត់ និងស្រុកបរកែវ ខេត្តរតនគិរី ខាងត្បូងជាប់ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី៕