(ព្រះសីហនុ)៖ ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់មិនឈប់ទាល់តែអស់បទល្មើស ពិសេសបទល្មើសគ្រឿងញៀន។

ជាក់ស្តែង កម្លាំងមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តប្រតិបត្តិការតាមបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ២ករណីផ្សេងគ្នា ដោយធ្វើការចាប់ខ្លូនជនសង្ស័យ៥នាក់ និងដកហូតថ្នាំញៀនជាង៤០កញ្ចប់។

មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីទី១ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយកម្លាំងមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង វ៉ាន់ដា ហៅត្រេន អាយុ៣៦ឆ្នាំ មុខរបរនេសាទសមុទ្រ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំចំនួន២កញ្ចប់។

ករណីទី២ បានធ្វើឡើងនៅ យប់ថ្ងៃដដែល ដោយកម្លាំងអាវុធហត្ថ បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖

១-ឈ្មោះ ផាត់ សុភា ហៅង៉ែត អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប
(មេជួញដូរគ្រឿងញៀននៅភូមិថ្មី)។

២-ឈ្មោះ ឡុង ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ ស្តើង សុធាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរចាក់ឌីស (អ្នកទៅយកថ្នាំ ពីអាង៉ែតទៅឲ្យអ្នកទិញ)។

៤-ឈ្មោះ ម៉ែន រ៉ាឌឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសេរី (អ្នកមកទិញគ្រឿងញៀន)។

ក្រោយចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងអាវុធហត្ថ បានដកហូតម្ស៉ៅសថ្លាចំនួន៤១កញ្ចប់, ថ្នាំយ៉ាម៉ា១គ្រាប់, ក្បាលមាន់ផ្សារកញ្ចប់ថ្នាំញៀន១, ម៉ូតូ១គ្រឿង (គ្មានស្លាកលេខ), កន្ត្រៃ១ និងទូរស័ព្ទដៃ៣គ្រឿង។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញបទល្មើសគ្រឿងញៀនកំពុងអនុវត្តនីតិវិធីបន្ត៕