(ភ្នំពេញ)៖ ទីបំផុត ! នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សាលី ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក។
យុវជន គង់ រ៉ៃយ៉ា អាយុ២៥ឆ្នាំ ជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឰឱ្យជាប់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីកាត់ទោសនេះ រូបគេបានប្តឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការជាន់ខ្ពស់ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ដដែល។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម៕