(ភ្នំពេញ)៖ លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាតំណាងរបស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយស្តង់ដារកម្ពុជាសម្រាប់អង្ករផ្ការំដួល និងអង្ករផ្កាច័ន្ទសែនសរ ដែលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ រៀបចំដោយវិទ្យាស្ថាន ស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករក្នុង ក្របខ័ណ្ឌហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយនូវព័ត៌មានអំពីស្តង់ដារកម្ពុជាចំនួនពីរ គឺសម្រាប់អង្ករផ្ការំដួល និងអង្ករផ្កាច័ន្ទសែនសរ ដែលត្រូវបានក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តជាស្តង់ដារជាតិ និងបានប្រកាសជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦។ ស្តង់ដារទាំងនេះ កំណត់នូវចរិតលក្ខណៈគុណភាពរបស់អង្ករទាំងពីរប្រភេទដែលជាអត្តសញ្ញាណសម្គាល់អង្ករកម្ពុជា ប្រភេទអង្ករផ្ការំដួល និងអង្ករផ្កាច័ន្ទសែនសរ ដែលមិនមានប្រទេសណាមួយអាចបន្លំបាននោះឡើយ ហើយវាក៏ជាឯកសារយោងសម្រាប់ភាគីពាក់ព័ន្ធ មានដូចជា អ្នកផលិត អ្នកធ្វើអាជីវកម្មនាំចេញ នាំចូល អ្នកចែកចាយ អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ យកទៅប្រើប្រាស់ដើម្បីពង្រឹងគុណភាពផលិតផល និងពង្រីកលទ្ធភាពធ្វើពាណិជ្ជកម្មទាំងនៅក្នុងនិងក្រៅប្រទេស។
បច្ចុប្បន្ននេះ វិទ្យាស្ថានស្ដង់ដារកម្ពុជាដែលជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ និងគណៈកម្មការបច្ចេកទេសស្ដង់ដារ បាននឹងកំពុងបន្តខិតខំរៀបចំសេចក្តីព្រាងស្តង់ដារចំនួន ៥ប្រភេទផ្សេងទៀត ដែលបានចាត់ជាផលិតផលអាទិភាពក្នុងចំណោមផលិតផលអង្ករទាំង១០ប្រភេទ ដែលបានកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន អង្ករផ្ការមៀត អង្ករសែនពិដោ អង្កររាំងជ័យ អង្ករអ៊ីអ៊ែរ៦៦ និងអង្ករជលសារ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ធានាសុខុមាលភាពសាធារណៈ បរិស្ថាន និងគាំទ្រដល់ការជំរុញការនាំចេញអង្ករទៅលើទីផ្សារតំបន់ និងអន្តរជាតិ៕