(បាត់ដំបង)៖ ព្រោះតែជីវភាពក្រលំបាក បុរសម្នាក់បានចុះទៅដងទឹកស្រះ ចាក់យកកណ្តុរ ចង្រៃយ៍អីប៉ះចំពេលម្ចាស់គេកំពុងតខ្សែភ្លើងបូមទឹក ក៏ត្រូវឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ រសៀលថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិសាលាត្រាវ ឃុំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលបានជាន់ខ្សែភ្លើងឆក់ស្លាប់នេះ ឈ្មោះ យ៉ែង ឡើង អាយុ៣២ឆ្នាំ រស់នៅក្រុមទី០៦ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ។ នគរបាលបន្ដថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានចូលទៅជីកកណ្តុរក្នុងចំការរបស់ម្ចាស់ឈ្មោះ ជិញ កុសល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ខណៈពេលម្ចាស់បានតខ្សែភ្លើងបូមទឹក តែត្រូវជនរងគ្រោះបានចុះទៅដងទឹកចាក់រន្ធកណ្តុរ ក៏បានជាន់តំណខ្សែរភ្លើងបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕