(រតនគិរី)៖ គណៈកម្មាធិការសាខា កាកបាទក្រហមខេត្តរតនគិរី បានប្រារព្ធរាត្រី សមោសរ ដើម្បីកៀគរមូលនិធិសប្បុរសធម៌ ជាលទ្ធប្រមូលបានថវិកាជាង១១០លានរៀល។
ពិធីនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី លី ធុជ ថ្នាក់ដឹកនាំខេត្តរតនគិរី និងភ្ញៀវកិត្តិយសសប្បុរជនជាង៦០០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានលើកឡើងថា នៅឆ្នាំ២០១៦នេះ ជាខួបទី១៥៣ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បានទាញការយកចិត្តទុកដាក់ របស់ពិភពលោកលើបច្ចុប្បន្នភាព នៃបញ្ហាប្រឈមជាសកល តាមរយៈការប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម លើប្រធានបទ ជាបន្តបន្ទាប់ដែលជាថ្ងៃពិសេស ក្នុងការកៀគរមូលនិធិសប្បុរសជន។
លោកថា ការងារស្វែងរកមូលនិធិនេះ គឺជាការងារមួយចម្បង និងឈានមុខគេដែលសាខា ត្រូវពង្រឹង និងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ជនងាយរងគ្រោះនានា សាខាបាននឹងកំពុងដំណើរការជាបណ្តើរៗ ដើម្បីធានាភាពជាម្ចាស់លើហិរញ្ញវត្ថុរបស់សាខា។
លោក ថង សាវុន បញ្ជាក់ថា «រាត្រីនេះបានឆ្លុះបញ្ជាំងឲ្យឃើញពីសកម្មភាព ដែលកាកបាទក្រហម អាចដំណើរការទៅបានក៏អាស្រ័យលើការជឿជាក់ ដែលបានចាប់ផ្តើមពីខ្ញុំ និងអ្នក ទាំងអស់គ្នាដែល បានចូលរួមគាំទ្រវិភាគទាន ជាសម្ភារៈ និងថវិកា ពីសំណាក់លោក លោកស្រីសម្បុរសជន ដែលអ្នកស្មាគ្រ័ចិត្តកាកបាទ ក្រហមយុវជនកាកបាទក្រហម ដែលជាកម្លាំងចូលរួម មិនអាចខ្វះបានឡើង»។
ជាងនេះទៅទៀត លោក ថង សាវុន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរគុណ ចំពោះវត្តមាន សម្បុរសជន ទាំងអស់ដែលបានចូលរួម និងអំពាវនាវ ដល់ទឹកចិត្តសប្បុរសធម៌ របស់លោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធានមន្ទីរស្ថាប័ន អនុសាខា ក្រុង ស្រុក អង្គការក្នុង និងក្រៅរដ្ឋាភិបាល ក្រុមហ៊ុននានា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អាជីវករទាំងអស់ ដែលបានចូលរួម ចែករំលែក ជាសម្ភារៈថវិកា តាមវប្បធម៌ចែករំលែក ដើម្បីជាកម្លាំង មនុស្សធម៌ដ៏រឹងមាំ សម្រាប់ជួយទុក្ខលំបាកវេទនា របស់ជនងាយរងគ្រោះនានា នៅទូទាំងខេត្តរតនគិរី។
សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីកម្មវិធីរាត្រីសមោសរនាពេលនេះ បានចំនួន ៨០,៣៩៥,៨០០រៀល និង៨,០១៥ដុល្លា៕