(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងព្រមានធ្ងន់ៗ ទៅកាន់មន្ត្រីនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ចៀសវាងឲ្យបានការ ល្មើសនឹងវិន័យយកលុយពីបងប្អូនប្រជាពលរដ្ឋ ខុសនឹងច្បាប់ដែលបានកំណត់ ឬយកលុយដោយមិនបានចេញ ប័ណ្ណផាកពិន័យជាដើម ហើយប្រសិនបើមន្ត្រីនគរបាលចរាចរណ៍ នៅតែប្រព្រឹត្តល្មើសទៀត នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ និងជាប់ពន្ធនាគារ។
ការថ្លែងព្រមានខ្លាំងៗ និងធ្ងន់ៗរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ធ្វើឡើងក្នុងឱកាសដែល លោកជួបសំណេះសំណាលជាមួយនឹង មន្ត្រីនគរបាលចរាចរណ៍ជាច្រើននាក់ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា លោកបានទុកពេលវេលាជាច្រើនមកហើយ ឲ្យមន្ត្រីនគរបាលចរាចរណ៍ កែខ្លួន និងបានអប់រំពួកគេផងដែរ ក៏ព្រោះតែមន្ត្រីនគរបាលទាំងនោះ មានគុណបំណាច់ក្នុងការបំពេញការងារ ប៉ុន្តែចាប់ពីថ្ងៃស្អែកនេះតទៅ គឺមិនមែនជាពេលវេលា សម្រាប់អប់រំទៀតឡើយ ដល់ពេលដែលត្រូវពិន័យ និងអនុវត្តន៍តាមច្បាប់ហើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងទៀតថា ចំពោះការពិន័យលើកនគរបាលចរាចរណ៍ដែលអនុវត្តន៍ខុស មានពីរកម្រិត៖ កម្រិតទី១ ពិន័យតាមបទបញ្ជារបស់នគរបាលជាតិ ដោយអាចប្រឈមមុខនឹង ការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជាដើម។ ចំពោះកម្រិតទី២ គឺអនុវត្តន៍តាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៥៩៤ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៧ឆ្នាំដល់១៥ឆ្នាំ។
យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានទទូចឲ្យមន្ត្រីនគរបាលចរាចរណ៍ ទាំងអស់សូមអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ៖ «ខ្ញុំសំណូមពរ ខ្ញុំសំពះអង្វរ សូមនគរបាលចរាចរណ៍ យើងរក្សាកិត្តិយស ត្រូវបន្តខិតខំបន្ថែមទៀត លើការអនុវត្តន៍ច្បាប់ចរាចរណ៍»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមជុំវិញ នឹងច្បាប់អំពើពុករលួយ ត្រង់មាត្រា២១ ស្តីពីបទល្មើសពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តន៍តាមក្រមព្រហ្មទណ្ឌ។ ប្រសិនបើនគរបាលចរាចរណ៍ យកលុយខុសច្បាប់ ដែលជាបទល្មើសជាក់ស្តែង នោះនគរបាលយុត្តិធម៌គ្រប់ប្រភេទ មានសិទ្ធិ ក៏សាងសំណុំរឿងបញ្ជូនទៅតុលាការ។
យ៉ាងណាក៏នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា មិនមែនមន្ត្រីនគរបាលចរណ៍ទាំងអស់ សុទ្ធតែល្មើសច្បាប់នោះទេ គឺមានតែមួយចំនួនប៉ុណ្ណោះ ប៉ុន្តែលោកសង្ឃឹម និងជឿជាក់ថា បងប្អូនមន្ត្រីទាំងនោះនឹងកែខ្លួន អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។
ពាក់ព័ន្ធនឹងការងារអនុវត្តន៍ច្បាប់ ចំពោះនគរបាលចរាចរណ៍នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានជំរុញឲ្យមន្ត្រីនគរបាលរៀបចំកំណត់គោលដៅឈរជើង ឲ្យទាំងអចិន្ត្រៃយ៍ និងចល័តឲ្យបានសមស្រប និងកំណត់ម៉ោងរដ្ឋបាលឲ្យមន្ត្រីចរាចរណ៍បំពេញការងារ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីសម្រួលការងាររបស់ពួកគាត់។
សូមជម្រាបថា ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីនគរបាលចរាចរណ៍ ទាំងអស់ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕