(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានបុរសជាប្តី ដែលទើបលែងលះគ្នា ចាក់សោបង្ខាំងក្នុងបន្ទប់ ឃុំខ្លួនអស់រយៈពេលពេញ១យប់ បណ្តាលឲ្យផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួយរំដោះចេញបានជោគជ័យ និងធ្វើការឃាត់ខ្លួនជនបង្កមកកាន់ប៉ុស្តិ៍នគរបាលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីចាត់ការបន្តទៀត។ ហេតុការណ៍នេះកើតឡើង ក្នុងផ្ទះលេខ15G, ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះ ធី សុវណ្ណ អាយុ៣៧ឆ្នាំ និងស្រ្តីជាប្រពន្ធឈ្មោះ លី ភារុន អាយុ៣៤ឆ្នាំ មានកូនស្រីប្រុស២នាក់ និងជាថៅកែផ្ទះសំណាក់យីហោ «ភីរុន» ក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ បុរសជាអតីតប្តី បានសុំប្រពន្ធមើលឯកសារលែងលះគ្នា តែស្រ្តីជាប្រពន្ធមិនព្រមឱ្យប្តីមើល ព្រោះខ្លាចប្តីហែលចោល ទើបមានការឈ្លោះគ្នាយ៉ាងខ្លាំង។
ពេលនោះស្រ្តីប្រពន្ធរត់មកឡើងជិះម៉ូតូឌុប ត្រូវប្តីទាញដៃ អូសចូលចាក់ទុកក្នុងបន្ទប់នៅល្ងាចថ្ងៃទី២៧ ខែធ្នូអស់១យប់ លុះព្រឹកឡើង ទើបដឹងដល់នគរបាលប៉ុស្តិ៍ចោមចៅ ចុះជួយអន្តរាគមន៍រំដោះស្រ្តីរូបនោះ រួចផុតពីការឃុំឃាំងពីសំណាក់បុរសអតីតប្តីរួចមក និងធ្វើការវាយខ្នោះប្តីឃោឃៅមកប៉ុស្តិ៍ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនហើយនោះ អតីតប្តី និងប្រពន្ធខាងលើមានការប្រកែកឈ្លោះគ្នាឡូឡាយ៉ាងខ្លាំងមួយប្រាវទៀត ដោយជនបង្កបានបង្ខំឱ្យប្រពន្ធដកពាក្យបណ្តឹងវិញ តែប្រពន្ធមិនព្រមស្រាប់តែប្តីរកហក់ទៅវាយនាងទៀត។
ពេលនេះស្រ្តីជាប្រពន្ធនៅតែមិនព្រម ដកពាក្យបណ្ដឹងដដែល ព្រោះតែឆ្អែតជាមួយប្ដីដែលតែងតែធ្វើបាបនាងជាបន្តបន្ទាប់ រហូតមកលុះក្រោយមកដោយដោយសារតែកូនៗ របស់នាង២នាក់ បានទូរស័ព្ទមកសុំអង្វរឲ្យនាងដកពាក្យបណ្ដឹងលើកលែងទោសឲ្យឪពុកព្រោះមិនចង់ឲ្យជាប់គុកទើបនាងជាប្រពន្ធ អាណិតពាក្យអង្វរករបស់កូនប្រុសស្រីក៏សម្រេចដកពាក្យបណ្ដឹងវិញ ប៉ុន្តែបានសុំឲ្យនគរបាលជួយអប់រំ និងធ្វើកិច្ចសន្យាសុំកុំឲ្យប្ដីប្រើហិង្សាលើរូបនាងតទៅទៀត និងដោះលែងឲ្យមានសេរីភាពវិញ៕