(តាកែវ)៖ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ម្នាក់ណាក៏តែងតែទទូចហើយទទូចទៀត ទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ពិសេស គឺប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញបង្ក្រាបរាល់បទល្មើសជលផល និងបទល្មើសនេសាទ ដែលបានកើតមានពេញទឹកពេញដី ក្នុងមូលដ្ឋានខេត្តតាកែវ ជារៀងរាល់ថ្ងៃ តែមន្រ្តីពាក់ព័ន្ធទាំងនោះ មិនដែលអើរពើរជាមួយប្រជាពលរដ្ឋនោះឡើយ ធ្វើដែរតែធ្វើលំៗ មិនបានជាដុំកំភួនអ្វីសោះ ព្រោះពួកគាត់ម្នាក់ ក៏ជាអ្នកពាក់ព័ន្ធទៅនឹងបទល្មើសទាំងនោះដែរ។
បញ្ហាដ៏ចាក់ស្រេះស្មុគស្មាញទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីក្ដៅក្រហាយ និងរិះគន់ទៅលើមន្រ្តីទាំងនោះ យ៉ាងចាស់ដៃ តែមន្រ្តីទាំងនោះនៅតែមិនអើរពើរឈឺច្អាលបន្តិចណាសោះ ទើបរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការដែលមានលោក ញ៉ិប ស្រ៊ន ជាប្រធានមន្ទីរកសិកម្ម ដើម្បីដោះស្រាយបញ្ហាទាំងពួង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ និងចូលរួមកសាងស្នាដៃជូនរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
អ្នកកាន់ដាវអាជ្ញាសឹកថ្មីរូបនេះ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន រង់ចាំមើលចំណាត់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងអំបាលមាន ដែលអ្នកកាន់ដាវអាជ្ញាសឹកមុនៗ គ្មានសមត្ថភាពធ្វើឲ្យបានល្អ។ ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែរីករាយស្វាគមន៍ និងត្រៀមចូលរួមសហការណ៍ជាមួយ លោក ញ៉ិប ស្រ៊ន ប្រធានមន្រ្តីកសិកម្ម ក្នុងការបង្កើតស្នាដៃនានាបង្ហាញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ព្រោះពួកគាត់ម្នាក់ៗពិតជាចង់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ខ្លាំងណាស់។
ប្រជាពលរដ្ឋបានឲ្យដឹងថា បើទោះបីជាខេត្តតាកែវ មានព្រៃឈើតិចតួចយ៉ាងណាក៏ដោយ ប៉ុន្តែបើនិយាយពីឈើឆ្លងកាត់ មកពីតាមបណ្ដាខេត្តនានាវិញ គឺមានសកម្មភាពខ្លាំងក្លាមែនទែន ព្រោះខេត្តភាគខាងត្បូងមួយនេះ មានព្រំប្រទល់ជាប់ប្រទេសវៀតណាមស្រាប់។
ឈើដែលដឹកតាមរថយន្តធំៗទាំងអស់នោះ ភាគច្រើនគឺដឹកជញ្ជូនតាមច្រកកំពង់អំពិល ស្រុកបុរីជលសារ ក្នុងនោះ គេដឹងថាមានលោកស្នងការរងនគបាលម្នាក់ ដែលមានឥទ្ធិពល និងល្បីល្បាញខាងកាងបទល្មើសគ្រប់បែបយ៉ាង នៅក្នុងខេត្តតាកែវ ជាអ្នករត់ការ និងដោយមានការស៊ុមគ្រលំពី នាយខណ្ឌរដ្ឋបាលព្រឈើខេត្តតាកែវ ផងដែរ។
ក៏ប៉ុន្តែបន្ទាប់ពីខាងវៀតណាម គេមានវិធានការណ៍តឹងរឹង គួបផ្សំនឹងខាងមន្រ្តីគយកំពង់ក្រសាំង មិនអនុញ្ញាតឲ្យឆ្លងកាត់មួយរយៈមក ឈើទាំងអស់នោះ បានលួចចេញតាមច្រកផ្សេងៗ និងតាមរូបភាពដាក់តាមរថយន្តតូចៗវិញ។
ដោយឡែកបញ្ហាដីគម្របព្រៃឈើ ដែលកំពុងតែមានបញ្ហាសាំញាំ នៅឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ក៏ជាបញ្ហាក្ដៅគគុកផងដែរ។
ងាកមកនិយាយពីបញ្ហាបទល្មើសនេសាទ និងបញ្ហាជួលដីស្រែនៅតាមព្រំដែនឲ្យជនជាតិវៀតណាមវិញ មានមន្រ្តីជលផលខិលខូចមួយចំនួន បានឃុបឃិតជាមួយនគបាលព្រំដែន ទទួលបានសំណូកពីពួកអ្នកនេសាទវៀតណាម ក៏អនុញ្ញាតឲ្យចូលមកធ្វើការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ និងបានយកដីរបស់រដ្ឋទៅជួលឲ្យជនជាតិវៀតណាម គគ្លើននឹងច្បាប់ និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថែមទៀតផង។ ការជួលដីស្រែឲ្យវៀតណាមនេះ ជាការល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឲ្យបានឡើយ។
បញ្ហាយ៉ាងច្រើនដូចបានរៀបរាប់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋាខេត្តតាកែវ បានចោទសួរថា «តើប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញ៉ិប ស្រ៊ន ដែលទើបតែទទួលបានតំណែងគ្រប់គ្រងស្ថាប័នរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ មានសមត្ថភាព និងការតាំងចិត្តពិតប្រាកដ ក្នុងការទប់ស្កាត់បញ្ហាដ៏រសើបទាំងអស់នេះ បានដែរឬទេ។ តើលោកពិតជាធ្វើឲ្យប្រជានេសាទ ក្នុងស្រុកទាំង៣ មានស្រុកបុរីជលសា ស្រុកកោះអណ្ដែត និងស្រុកអង្គបុរី មានក្ដីសង្ឃឹមលើលោកដែរឬទេ»។
មួយទៀតសោត បើលោកបរាជ័យក្នុងការទប់ស្កាត់បញ្ហាទាំងអស់នេះ តើលោកមានទំនួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម យ៉ាងណាដែរ?
តែទោះជាយ៉ាងណា ប្រជាពលរដ្ឋខេត្តតាកែវ ក៏បានផ្ដល់ក្ដីសង្ឃឹម និងជឿជាក់ថា លោកប្រធានមន្ទីរកសិកម្មថ្មីរូបនេះ នឹងប្រើប្រាស់ដាវអាជ្ញាសឹក វាយកម្ទិចបង្រ្កាបរាល់បទល្មើសទាំងអស់ ដើម្បីធានាការជឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់គ្នា និងដើម្បីជាគម្រូដល់មន្រ្តីដទៃទៀត៕