(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញពីយន្តការមួយចំនួន ក្នុងការជំរុញ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូង និងធ្វើការដាក់ពាក្យបណ្ដឹង ឲ្យបានត្រឹមថ្ងៃកំណត់ បើមានបញ្ហាណាមួយ លើបញ្ជីឈ្មោះបោះឆ្នោតរបស់ខ្លួន។
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ មានរយ:ពេល១០ថ្ងៃគត់ ដែលគ.ជ.ប បិទបញ្ជីឈ្មោះបោះឆ្នោះថ្មី ជាលើកដំបូង នៅតាមសាលាឃុំ/សង្កាត់នានា ហើយប្រជាពលរដ្ឋត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។ បើសិនជាពលរដ្ឋណាម្នាក់ដែល បានចុះហើយ មិនឃើញឈ្មោះរបស់ខ្លួន ឬខុសឈ្មោះរបស់ខ្លួនត្រូវប្តឹងទៅគ.ជ.ប នៅអំឡុងពេល១០ថ្ងៃនេះតែម្តង។
ក្នុងសន្និសីទកាសែត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់ថា «យន្តការដែល គ.ជ.ប បានដាក់ចេញ ដើម្បីផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ អំពីបញ្ជីឈ្មោះបោះឆ្នោតដំបូងនោះ រួមមាន៖ ទី១.ការងារនេះត្រូវធ្វើដោយ គ.ជ.ប ផ្ទាល់, ទី២.ធ្វើដោយភាគីពាក់ព័ន្ធផ្សេងទៀត មានអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិនានា ក៏ដូចជាគណបក្សនយោបាយ ដែលគាត់ធ្វើការងារ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់គាត់, និងទី៣.អង្គការ JICA ដែលមានជំនាញធ្វើការងារជាមួយ គ.ជ.ប ក៏បានរៀបចំផែនការធ្វើការផ្សព្វផ្សាយ នៅក្នុងថ្ងៃបិទបញ្ជីឈ្មោះបោះឆ្នោតដំបូង ហើយគាត់បានចែកគ្នាជា៤ក្រុម ដើម្បីចុះទៅធ្វើការផ្សព្វផ្សាយ តាមរយៈមេក្រូចល័ត តាមបណ្ដាខេត្តមួយចំនួន និងបានសហការជាមួយមន្រ្តី គ.ជ.ប ដើម្បីផ្សព្វផ្សាយបន្ថែម នៅក្នុងតំបន់មួយចំនួន ដែលទាមទារឲ្យមានការផ្សព្វផ្សាយឲ្យបានដិតដល់»។
ការប្រកាសផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ គ.ជ.ប បានធ្វើឡើងតាមរយៈរូបភាពមួយចំនួន ដូចជា៖
ទី១៖ បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ចំនួន២កន្លែង ក្នុងឃុំ-សង្កាត់នីមួយៗ (នៅក្នុងសាលាឃុំ-សង្កាត់ផ្ទាល់ និងនៅទីប្រជុំជនណាមួយ ដែលមានមនុស្សរស់នៅច្រើន ក្នុងឃុំ-សង្កាត់នោះ) ហើយ គ.ជ.ប នឹងជូនដំណឹងអំពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនេះ នៅកន្លែងណា តាមរយៈអាជ្ញាធរឃុំ-សង្កាត់ ឬគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការនៅមូលដ្ឋានផ្ទាល់។
ទី២៖ គ.ជ.ប មានការផ្សព្វផ្សាយតាមរយៈមេក្រូចល័ត ១ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងនោះ នៅគ្រប់ឃុំ-សង្កាត់ទាំងអស់ទូទាំងប្រទេស។
ទី៣៖ គ.ជ.ប បានរៀបចំចងក្រងជាខ្សែវីដេអូ និងផ្សព្វផ្សាយពីការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូង ដល់ប្រជាពលរដ្ឋ តាមរយៈទូរទស្សន៍ និងតាមរយៈវិទ្យុ ផងដែរ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា «ដំណាក់កាលនេះ គ.ជ.ប នឹងធ្វើការសម្អាតបញ្ជីបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការឈ្មោះបោះឆ្នោត នាពេលខាងមុខ ហើយ គ.ជ.ប មានយន្តការតាមលំដាប់លំដោយមួយចំនួនស្រាប់ ដែលត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ៕