(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ប្រកាសបើកដំណើរការជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈដែលឧកញ៉ាបណ្ឌិត ឡាច សំរោង ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ។ ក្នុងពិធីប្រកាសដំណើរការ និងប្រកាសតែងតាំងនេះ ក៏មានការចូលរួមពីឧកញ៉ាបណ្ឌិត ជា ចំរើន សហប្រធាន ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ព្រមទាំងសាស្ដ្រាចារ្យជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះឧកញ៉ាបណ្ឌិត ឡាច សំរោង ក្នុងនាមជាសាកលវិទ្យាធិការ បានលើកឡើងនូវការប្ដេជ្ញាចិត្តថា «គោរពនូវគោលនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចជាស្ថាបនិកនៅក្នុងការអនុញ្ញាតិ ឲ្យមានវត្តមានសាកលវិទ្យាល័យនេះ ដោយយោងតាមអនុក្រឹត្យ៥៦ អនក្របក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ដើម្បីសាកលវិទ្យាល័យដំណើរការ»។
លោកឧកញ៉ាបណ្ឌិតបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យមនុស្សទាំងអស់មានចំណេះដឹង ចំណេះដឹងនៅក្នុងថ្នាក់បឋម ថ្នាក់មធ្យម ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា រួមទាំងចំណេះដឹងដែលទៅរៀនជាប្រចាំរៀនរហូត រៀនមិនចេះចប់។ លោកថា ការប្ដេជ្ញាចិត្តនៅពេលនេះ គឺធ្វើឡើងដើម្បីទ្រទ្រង់ និងធ្វើឲ្យមាននិរន្ដរភាព នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដោយឈរលើគោលការ៣ ទី១៖ គោរពចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត ទី២៖ គោរពចំពោះវិរៈភាពរបស់ សាស្ដ្រាចារ្យដែលជាគណៈគ្រប់គ្រង់ និងទី៣៖ គោរពចំពោះការលះបង់ និងការប្ដូរផ្ដាច់ ដែលផ្ដល់នូវការទុកចិត្តរបស់ លោកបណ្ឌិត ជា ចំរើន។
ជាពិសេស ឧកញ៉ាបណ្ឌិត ឡាច ចំរើន នឹងធ្វើឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ស្ថិតនៅក្នុងការអប់រំកម្រិតគុណភាពខ្ពស់ ហើយនិស្សិតចេញ ពីសាកលវិទ្យាល័យនេះ ទទួលបានការយកទៅធ្វើការងារ និងទទួលប្រាក់ខែខ្ពស់។
សូមបញ្ជាក់ថា ទីតាំងថ្មីរបស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នៅក្បែវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕