(ភ្នំពេញ)៖ លោក ឡៅ ស៊ុនប៉ា ដែលមានរឿងក្ដីក្ដាំ​ប្ដឹងផ្ដល់គ្នាក្នុងរឿងទិញ លក់អាជ្ញាប័ណ្ណខ្សាច់តាំង​ពីឆ្នាំ២០០៩រហូតមកដល់ បច្ចុប្បន្នបានចេញមុខអះ​អាងថាលោក យិន សុវណ្ណី កាលណាតែគាត់ក្លាយ​ខ្លួនជាអភិបាលក្រុមហ៊ុន​ហើយ គឺគាត់មានសិទ្ធិលើ អាជ្ញាប័ណ្ណខ្សាច់​ដោយស្របច្បាប់ហើយ។

ការឆ្លើយតបបែបនេះបន្ទាប់ពីលោក យិន សុវណ្ណី ធ្វើការអះអាងថាលោកបានទិញអាជ្ញាប័ណ្ណខ្សាច់ពីលោក​ ឡៅ ស៊ុនប៉ា ប្រគល់ លុយអោយជាង២០មុឺនដុល្លារទៅហើយ នៅខ្វះ៦មុឺនដុល្លារទៀតក៏កក់សែក២សន្លឹកស្មើ៦មុឺនដុល្លារ រងចាំលោកឡៅ ស៊ុនប៉ា រត់ការផ្ទេរអាជ្ញាប័ណ្ណស្របច្បាប់រួចរាល់សិន ទើបគាត់អាចយកសែកទៅ​បើកប្រាក់​បាន តែក៏ត្រូវបានរាជរដ្ឋាភិបាលលប់ការធ្វើ អាជីវកម្មនាំខ្សាច់ចេញទៅក្រៅ​ប្រទេសមិនសង្ឃឹមថាធ្វើអាជីវកម្មបានលោកក៏ប្រញាប់ទៅដកសាច់ប្រាក់៦មុឺនដុល្លារនោះវិញ ព្រោះខ្លាចបាត់បង់បន្ថែមទៀត ក៏ត្រូវលោក ឡៅ ស៊ុនប៉ា ឆ្លៀតឱកាសនេះប្ដឹងពីបទចេញសែកអត់សាច់ប្រាក់តែម្ដងទៅ។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ឡៅ ស៊ុនប៉ា បានឆ្លើយតបថា តាមគោលការណ៏របស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ក្រុមហ៊ុនមួយអាចលក់ភាគហ៊ុន​ក្រុមហ៊ុន​១០០%​ដោយប្ដូរឈ្មោះអភិបាលក្រុមហ៊ុនបាន តែត្រូវរក្សាឈ្មោះក្រុមហ៊ុនអោយនៅ ដដែល គឺក្រុមហ៊ុន Diamond Sand ត្រូវបានប្ដូរឈ្មោះ​អភិបាលក្រុមហ៊ុន​អោយទៅឈ្មោះ យិន សុវណ្ណី តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៩ តាមលិខិតលេខ១០២១ ពណ.ចបព របស់ក្រសួងពាណិជ្ជកម្ម និងបានចម្លងជូនក្រសួង ស្ថាប័នជាច្រើន រួមមានក្រសួងឧស្សាហកម្ម ផងដែរដើម្បីអោយក្រសួងនេះទទួលស្គាល់អភិបាលក្រុមហ៊ុនថ្មីគឺលោក យិន សុវណ្ណី។ ក្រសួងឧស្សាហកម្មជាស្ថាប័នមានសមត្ថកិច្ច បានផ្ដល់អាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មលេខ៧៨៦ ឧរថ.ធរ.អប ចុះថ្ងៃទី៣ ខែ៩ ឆ្នាំ២០០៨ អោយក្រុមហ៊ុន Diamond Sand មានអនុភាពគតិយុត្តិចាប់ពីថ្ងៃទី១១ ខែ៦ ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី១១ ខែ៩ ឆ្នាំ២០០៩។ មុនផុតកំណត់៣០ថ្ងៃ ក្រុមហ៊ុនត្រូវដាក់ពាក្យសុំ អាជ្ញាប័ណ្ណបន្តសារជាថ្មី។ សរុបសេចក្ដិមកលោក យិន សុវណ្ណី បានក្លាយជាអភិបាលក្រុមហ៊ុន Diamong Sand នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៩ គឺគាត់ជាម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដោយស្របច្បាប់។

ខាងលើនេះគឺគ្រាន់តែជាការអះអាងរបស់លោក ឡៅ ស៊ុនប៉ា តែប៉ុណ្ណោះដើម្បីធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក យិន សុវណ្ណី៕