(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន ក្នុងចំណោម៧១គ្រួសារ រស់នៅឃុំឈ្វាំង និងឃុំជ្រៃលាស់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំគ្នាឡើងមកតវ៉ាសាជាថ្មី នៅមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ស្នើសុំ ដោះស្រាយដីធ្លីផ្តល់យុត្តិធម៌ ដល់ពួកគាត់ឱ្យបានឆាប់រហ័ស។
លោកស្រី ជា សារិន តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៧១គ្រួសារបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីនេះៗ ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងមកក្រសួងដែនដី រួចម្តងទៅហើយ ហើយដោយរង់ចាំមិនឃើញមានដំណោះស្រាយ ទើបគាត់ឡើងមកតវ៉ា សារជាថ្មីទៀតនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងបំណងស្នើសុំឲ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីកម្ម ដោះស្រាយផ្តល់យុត្តិធម៌ ជូនពួកគាត់ឱ្យបានឆាប់។
ជាមួយគ្នានេះ លោកយាយ ហុំ កងពលរដ្ឋរងគ្រោះម្នាក់ទៀត បានឱ្យដឹងថា «ដីស្រែប្រាំងរបស់ពលរដ្ឋទាំងពីរ ឃុំខាងលើមានទំហំ សរុបប្រមាណជា៥០ហិកតា បានកាន់កាប់និងអាស្រ័យផលតពីដូនតាមក ប៉ុន្តែមកទល់ឆ្នាំ២០១៤កន្លងទៅ លោកស្រី លឹម គា ដែលជាអ្នកទិញដីជំនួសមុខឱ្យលោកស្រី ឡៃ ហ៊ាង ប្រធានក្រុមហ៊ុន SKD បានប្តឹងប្រជាពលរដ្ឋដាក់គុក និងបានបង្ខំឱ្យតំណាងរបស់ពួកគាត់ យកដីនោះប្រគល់ជូនក្រុមហ៊ុន ទើបបង្ករជាការតវ៉ាក្នុងជម្លោះដីធ្លីនេះ កើតឡើងជាបន្តបន្ទាប់»។
លោកយាយបន្តថា «បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ គេឃើញអាជ្ញាធរខេត្តចុះទៅដោះស្រាយ ជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរហាក់ មានទំនោរ ទៅខាងក្រុមហ៊ុន ដោយពេលថ្មីៗនេះ លោក នៃ ចារីយ អភិបាលរងខេត្តកណ្តាល បានទៅលួងលោមប្រជាពលរដ្ឋដោយព្រម ផ្តល់សំណងជូនពួកគាត់តែ១០០០០ដុល្លារ យកទៅចែកពលរដ្ឋទាំង៥១គ្រួសារ ជាថ្នូរនឹងការបញ្ចប់រឿងក្តី ដែលអូសបន្លាយជាយូរឆ្នាំមកនេះ។ ដោយសារមិនយល់ព្រម ទើបពលរដ្ឋឡើងមកតវ៉ាជាថ្មីទៀតនេះ ដើម្បីស្នើសុំដោះស្រាយផ្តល់ដីជូនពួកគាត់វិញ ឱ្យបានឆាប់រហ័ស។ គេមិនអាចស្នើសុំការអត្ថាធិប្បាយពីលោកស្រី លឹម គា តំណាងក្រុមហ៊ុន SKD បានទេភ្លាមៗនេះ ប៉ុន្តែតាមការអះអាង របស់លោកស្រីកាលពីកន្លងមក បញ្ជាក់ថា លោកស្រីបានទិញដីពីប្រជាពលរដ្ឋ ស្របច្បាប់ មានទាំងស្នាមមេដៃទិញលក់ និងការទទួលស្គាល់ពីអាជ្ញាធរ ទៀតផង»។
តាមការឱ្យដឹងពីពលរដ្ឋ បានលើកឡើងពីសាវតានៃជម្លោះនេះថា ពួកគាត់បានកាន់កាប់ដីនេះ តាំងពីក្រោយឆ្នាំ១៩៧៩មកដែល ជាដីកេរ្ត៏ដូនតា ហើយរហូតដល់ឆ្នាំ២០០៧ក្រុមហ៊ុន SKD បានចុះទិញដីនោះ ដោយបានកក់ប្រាក់មួយចំនួនទៅប្រជាពលរដ្ឋ ប៉ុន្តែមិនបានឱ្យគ្រប់ចំនួននោះទេ ហើយក៏បានដាក់គ្រឿងចក្រមកឈូស ឆាយព័ទ្ធយកដីនោះ នាំឱ្យមានការតវ៉ាផ្ទុះឡើង។
ក្រោយពីតវ៉ាក៏មានការអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសម្តេចបានប្រគល់ដីនោះ ដល់ពលរដ្ឋវិញ ដោយមាន ការឯកសារ ជាលាយល័ក្ខអក្សរ ប្រគល់ជូនពលរដ្ឋ ពីលោកស្រី ឡៃ ហៀង ប្រធានក្រុមហ៊ុន SKD ទៀតផងនៅឆ្នាំ២០០៨។ ប៉ុន្តែមិនដឹងជាយ៉ាងណា រហូតដល់ឆ្នាំ២០១៤ ស្រាប់តែលេចមុខអ្នកស្រី លឹម គា តំណាងអ្នកទិញដីឱ្យ ក្រុមហ៊ុនSKD ចេញមុខប្តឹងពលរដ្ឋដាក់គុក គំរាមយកដីនោះ មកទល់បច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយបាន ទើបនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់។ ករណីនេះពលរដ្ឋទាំង៧១ គ្រួសារខាងលើ ស្នើសុំ អាជ្ញាធរពាក់ព័ន្ធនិងក្រសួងដែនដី មេត្តាពន្លឿនដោះស្រាយដីធ្លីជាងពួកគាត់ឱ្យបានឆាប់ ដោយសារបច្ចុប្បន្នពួកគាត់កំពុងរងគ្រោះ គ្មានដីធ្វើស្រែចិញ្ចឹម គ្រួសារនោះទេ។
គួរបញ្ជាក់ថា ជម្លោះដីធ្លីរុំារ៉ៃអូសបន្លាយជិត២០ឆ្នាំ ប៉ុន្តែនៅមិនទាន់អាចសដោះស្រាយចេញ ទើបប្រជាពលរដ្ឋនៅតែនាំគ្នា មកតវ៉ារកភាពយុត្តិធម៌៕