(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុនចាន់ថុល រដ្ឋមន្រី្ដក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា សម្រាប់ឆ្នាំ២០១៧ ក្រសួងសា ធារណការ និងដឹកជញ្ជូន នឹងបង្រឹងប្រែងបន្តទៀតក្នុងការកសាងផ្លូវ និងស្ពាន ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឲ្យកាន់តែប្រសើរ។
នៅក្នុងសន្និបាតបូកសរុបកលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្ដការងារឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូននៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា នៅឆ្នាំ២០១៧ខាងមុខ មានការងារជាច្រើន ដែលត្រូវប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរ សម្រាប់វិស័យ ដឹកជញ្ជូននៅកម្ពុជា។ បើតាមលោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយវិស័យឯកជន ជំរុញការសិក្សា និងសាងសង់ផ្លូវ Expressway ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ភ្នំពេញ-បាវិត ដើម្បីប្រទាក់ក្រឡាគ្នានៅទូទាំងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាង ឲ្យបានកាន់តែរលូន ពិសេសសម្រួលកដល់ការដឹកជញ្ជូន ក្នុងតំបន់ និងសមាហរណកម្មនៅទូទាំងផ្ទៃប្រទេស។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ដូច្នេះ «យើងនឹងខិតខំប្រឹងប្រែងថែមទៀតកសាងផ្លូវថ្នល់ ផ្លូវស្ពានថែមទៀត ដើម្បីធ្វើការតភ្ជាប់ប្រទេសយើង និងប្រទេសជិតខាត និងការតភ្ជាប់ក្នុងប្រទេស និងក្នុងប្រទេស ដែលនាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន ចង់បានការតភ្ជាប់រាជធានីភ្នំពេញ និងទូទាំងខេត្ដទាំងអស់ តែថវិកានៅមានតិចតួច ដែលយើងមិនទាន់បានគ្រប់គ្រាន់ តែឥឡូវយើងមានថវិកាច្រើនជាងមុន យើងនឹងធ្វើឲ្យរីកចម្រើនជាងមុន»។
លោកបន្ថែមថា «ពេលនេះយើងកំពុងសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក ផ្លូវអាកាស ក៏កំពុងពិភាក្សាដែរ ដែលងាយស្រួល ក្នុងការដឹកជញ្ជូន ហើយងាកមកកំពង់ផែស្វយ័តព្រះសីហនុ ក៏កំពុងតែសាងសង់កំពង់ផែពហុបំណងរបស់យើង ដែលជាប្រាក់កម្ចីពីប្រទេសជប៉ុន ដើម្បីឲ្យ កប៉ាល់ទេសចរអាចលក់ទំនិញរាយ ឬ ការរុករកប្រេង ។ល។ និង។ល។ មួយទៀតយើងបានទិញទំនិញច្រើនគ្រឿងណាស់ ដើម្បីលើកដាក់ទំនិញឲ្យ បានលឿន ហើយកំពង់រៀបចំសំណើប្រាក់កម្ចីពីជប៉ុន ដើម្បីសាងសង់កំពង់ផែធន ធានទឹកថ្មីមួយទៀត ដែលមានទឹក ១៤,៥០ម៉ែត្រ ដែល ៩៣ភាគរយ កប៉ាល់ទូទាំងពិភពលោក អាចចុះចតនៅកំពង់ផែក្រុងព្រះសីហនុបាន ហើយកំពង់ផែភ្នំពេញ កំពុងពង្រីកទីលាន និងកំពុងពិចារណាការសាងសង់ផ្លូវដែក តភ្ជាប់ពីផ្លូវដែកយើង ចូលទៅកំពង់ផែនៅកៀន ស្វាយ»។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានឲ្យដឹងដែរថា ក្រសួងកំពុងធ្វើការងារជាច្រើនទៀត ដើម្បីថែទាំផ្លូវជាតិលេខ ១ឲ្យទៅជាកម្រាល AC ឲ្យសមស្របតាមកណើ នចរាចរណ៍ ពិសេសបញ្ចប់ការសិក្សាលទ្ធភាពសាងសង់ផ្លូវលឿនលឿនតភ្ជាប់ពីរាជាធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ការពង្រីកផ្លូវជាតិលេខ៥ ឲ្យទៅតាមគន្លង និងពង្រឹងការថែទាំ គឺការលុបសំបុកមាន់ជាដើម។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីថែទាំផ្លូវនេះ ក្រសួងបានទិញម៉ូតូកង់បីចំនួន ៦៥គ្រឿង ដែលនៅលើម៉ូតូនោះ មានសម្ភារៈសម្រាប់ជួសជុល រួមទាំងកៅស៊ូត្រជាក់ ចែកជូនទៅតាមមន្ទីរសាធារណការទាំង ២៥ខេត្ដ-ក្រុង ដើម្បីចាប់ផ្ដើមជួសជុលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧តទៅ។
ក្នុងសន្និបាទដំណាច់ឆ្នាំនេះ លោក ស៊ុន ចាន់ថុល ក៏បានស្នើដល់មន្រ្តីក្រសួងពិភាក្សាឲ្យបានផុលផុស ដើម្បីរិះរកយន្តល្អៗថែមទៀត អភិវឌ្ឍវិស័យដឹកជញ្ជូន ឲ្យកាន់តែប្រសើរ។
គួរបញ្ជាក់ថា សន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦ នេះមានរយៈពេលពីរថ្ងៃចាប់ពីទី២៨-២៩ ខែធ្នូនេះ ដែលមានការចូលរួមពីមន្រ្តី និងថ្នាក់ដឹកនាំ មន្ទីរសាធារណៈការទូទាំង២៥ខេត្ដ-ក្រុង៕