(ភ្នំពេញ)៖ គណៈកម្មការតំបន់ឡានឆាង-មេគង្គ ដែលជាស្ថាប័នសិក្សាស្រាវជ្រាវមួយ បង្កើតនៅឆ្នាំ២០១៥ ដោយមានប្រទេសកម្ពុជា ចិន ថៃ ឡាវ និងវៀតណាម ជាសមាជិកនោះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាលើកដំបូងមួយ ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ឡានឆាង-មេគង្គ ដើម្បីប្រមូលធាតុចូលពីអ្នកជំនាញនានា សំដៅរៀបចំផែនការអនុវត្តរបស់ខ្លួន បន្តទៅមុខទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក គង់ ភោគ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាសម្រាប់សិក្សាយុទ្ធសាស្រ្ត (CISS) បានឲ្យដឹងថា «កិច្ចប្រជុំនេះ បានផ្ដល់ជាឱកាសសំខាន់ សម្រាប់ឲ្យអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសពីប្រទេសជាសមាជិ ក្នុងតំបន់ឡានឆាង-មេគង្គ បានធ្វើការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងផ្ដល់ជាគំនិត ដើម្បីឲ្យគំនិតផ្ដួចផ្ដើមនៃការបង្កើតគណៈកម្មការនេះ ទទួលបានជោគជ័យ»។
លោកនាយក គង់ ភោគ បានបន្តថា គំនិតផ្ដួចផ្ដើមនៃការបង្កើតគណៈកម្មកាតំបន់ឡានឆាង-មេគង្គនេះ គឺដើម្បីជំរុញឲ្យមានការរីកចម្រើនក្នុងតំបន់ និងដើម្បីថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ឲ្យបានយូរអង្វែង។ គោលដៅសំខាន់ គឺដើម្បីឲ្យប្រទេសក្នុងតំបន់ មានការសម្របសម្រួលគោលនយោបាយ ជំរុញឲ្យមានការអភិវឌ្ឍបានលឿន និងធ្វើឲ្យគោលនយោបាយរបស់ប្រទេសជាសមាជិក មានភាពស៊ីចង្វាក់គ្នា។
លោក គង់ ភោគ បានបន្ថែមថា «កម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ មានភាពទូលំទូលាយជាមុន គឺមានដល់ទៅ ២៦ចំណុច ជាវិស័យអាទិភាពរបស់ប្រទេសជាសមាជិក ដែលពីមុនមានតែការពិភាក្សាលើវិស័យពាណិជ្ជកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ប៉ុណ្ណោះ»។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា ថ្វីត្បិតតែគណៈកម្មការតំបន់ឡានឆាង-មេគង្គនេះ ស្ថិតក្រៅក្របខណ្ឌរដ្ឋាភិបាល នៃប្រទេសជាសមាជិក ក៏ពិតមែន តែគណៈកម្មការនេះ បានផ្ដល់ជាព័ត៌មាន គំនិតដ៏សំខាន់ និងផ្ដល់ជាដំណោះស្រាយដល់រដ្ឋាភិបាលទាំងនោះ ដែលបានមកពីការសិក្សាស្រាវជ្រាវ នាពេលកន្លងមក។
លោកបន្តទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដារដ្ឋាភិបាលទាំងនេះ បានយកចិត្តទុកដាក់ និងជំរុញឲ្យគណៈកម្មការមួយនេះ បន្តការសិក្សាស្រាវជ្រាវលើវិស័យអាទិភាពមួយចំនួនទៀត ដើម្បីស្វែងរកកាលានុវត្តថ្មីៗ សម្រាប់ជាប្រយោជន៍ដល់វិស័យរដ្ឋ និងវិស័យឯកជន ផងដែរ៕