(ពោធិ៍សាត់)៖ នារីវ័យក្មេងម្នាក់យកមុខរបរខ្ចីលុយគេធ្វើជាអាជីព ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ តាមចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានឆបោកលុយ ពីប្រជាពលរដ្ឋ២នាក់ផ្សេងគ្នា សរុបប្រមាណ១៦៤០០ដុល្លារ ហើយត្រូវម្ចាស់បំណុលដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹង ថា ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នោះ។ ជនសង្ស័យមានឈ្មោះ បូ សភ័ស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នល ខេត្តកណ្តាល។
លោកអធិការបានបន្តថា ការឃាត់ខ្លួននារីវ័យក្មេងខាងលើនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល ១-ឈ្មោះ ង៉ោ ឡាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ភោជនីយដ្ឋានខ្លាឃ្មុំ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្តឹងពីបទឆបោកប្រាក់ចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិកគត់) និង២-ឈ្មោះ ជៀម ស៊ីណាត ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ រាជធានីភ្នំពេញ ប្តឹងពីបទឆបោកប្រាក់ចំនួន ១០៤០០ដុល្លារ (មួយម៉ឺនបួនរយដុល្លារអាមេរិកគត់)។
លោកអធិការបន្តទៀតថា ក្រោយពេលទទួលបណ្តឹងហើយ កម្លាំងប៉ុស្តិ៍បានហៅជនសង្ស័យមកធ្វើកំណត់ហេតុសួរបំភ្លឺ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជំពាក់លុយ ឈ្មោះ ង៉ោ ឡាង ៥០០០ដុល្លារ និងឈ្មោះ ជៀម ស៊ីណាត ១០៤០០ដុល្លារ ពិតប្រាកដមែន ក្រៅពីនោះនៅមានប្រជាពលរដ្ឋដទៃទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងពោធិ៍សាត់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ចាត់ការតាមនីតិ៕