(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការតែងតាំងមន្ត្រី និងការងារសន្តិសុខ គ្រឿងញៀន បទល្មើសនេសាទ គ្រោះថ្នាក់ចរាចរណ៍ ត្រូវអនុវត្តទៅតាមទិដ្ឋភាពច្បាប់ និងមានយុត្តិធម៌។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ បែបនេះខណៈសម្តេច ចូលរួមជាអធិបតីភាពនៅ ក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០១៦។
សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ឲ្យដឹងថា ថ្វីត្បិតតែសន្តិសុខ សណ្តាប់ធ្នាប់ រួមទាំងអំពើចោរកម្ម បញ្ហាគ្រឿងញៀនបាន កំពុងដុតកម្តៅនៅខេត្តតាមបណ្តា ខេត្ត ក្រុង ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចរដ្ឋអំណាចមូលដ្ឋាននៅមិនទាន់គ្រប់គ្រាន់បាននូវ ស្ថានភាពនេះនៅឡើយទេ គឺត្រូវបង្កើនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបន្ថែមទៀត រួមទាំងបំផុសការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា បើសិនជាករណីអសន្តិសុខ វាកើតឡើងនៅសៀមរាប គឺធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យទេសចរណ៍។ សម្តេចក្រឡាហោម ស ខេង បានក៏បានលើកនូវគោល ការណ៍សំខាន់ៗចំនួនបី ដើមី្បសំដៅការធ្វើកំណែទម្រង់បាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ នៅថ្នាកក្រោមជាតិ ព្រមទាំងលើកនូវអនុសាសន៍ចំនួន៥ចំណុច ដើមី្បជាទុនក្នុងការអនុវត្តនយោបាយវិមជ្ឈការនិង សហវិមជ្ឈការ ហើយត្រូវបានគាំទ្រពីសហគមអ៊ឺរ៉ុបទៅលើនយោបាយនេះផងដែរ ។
សម្តេចបានបន្តថា ករណីនេះទាំងអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចអង្គភាពពាក់ព័ន្ធ ត្រូវតែមានវិធានការគ្រប់គ្រងដោះស្រាយ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវមានវិធានការពិសេសរបស់ខ្លួន ក្នុងការធ្វើយុទ្ធនាការរយៈពេល៦ខែម្តងផងដែរ។
សម្តេចក្រឡាហោម បានបន្តឲ្យដឹងទៀតថា ចាប់តាំងពីការអនុវត្តច្បាប់ចរាចរណ៍ចូលជាធរមាន នាដើមឆ្នាំ២០១៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ តែជីវិតប្រជាពលរដ្ឋដែលត្រូវបាត់បង់ និងរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺ មានការកើនឡើង ។ ស្ថានភាពបែបនេះ គឺបង្ហាញឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះត្រូវបានកើតឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើរ និង រថយន្តដឹកកម្មករ។
សម្តេចក្រឡាហោម ក៏បានធ្វើការផ្តាំផ្ញើដល់ អង្គសន្តិបាតទាំងមូល ត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍ នានា ពីការអភិវឌ្ឍន៍ ការផ្តល់នូវកិច្ចគាំពារផ្នែកសង្គម ប្រកបដោយសមធម៌ និងការខិតខំដោះស្រាយសំណើរ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និង ភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការងារគ្រប់វិស័យក្នុងសង្គម ។
ដើមី្បអនុវត្តសម្រេចទិសដៅយុទ្ធសាស្ត្រទាំងបីខាងលើ ក៏ដូចទិសដៅការងារឆ្នាំ ២០១៧ ដែលដាក់ចេញដោយសន្និបាតនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តសៀមរាប មន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ នូវភារកិច្ចសំខាន់ៗជាអាទិភាពនេះ។
ចំពោះបញ្ហាសំខាន់ៗសម្រាប់ទាញយកការចាប់អារម្មណ៍ និង មានវិធានការគ្រប់គ្រងដោះស្រាយបន្តក្នុងឆ្នាំខាងមុខ សម្តេចក្រឡាហោម ស ខេង បានបង្កត់ធ្ងន់លើការតែងតាំងមន្ត្រីរាជការ និងការងារសន្តិសុខ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងបទល្មើសនេសាទ ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺអនុវត្តទៅតាមទិដ្ឋភាពច្បាប់និងមានយុត្តិធម៌។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបង្ហាញរបាយការណ៍លទ្ធផល ដែលសម្រេចដោយអង្គសន្និបាតនោះថា បញ្ហាប្រឈមនានា ត្រូវបានធ្វើវិចារណកម្ម និងសុក្រឹតកម្ម រវាងលទ្ធផលនៃវេទិកាផ្សព្វផ្សាយ និងការពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត។
វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងអង្គសន្និបាត ត្រូវបានចងក្រងជាទស្សនវិស័យរួម ទុកជាមូលដ្ឋានដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត យកទៅអនុវត្តបន្តក្នុងឆ្នាំ២០១៧ ឲ្យមានការឆ្លើយតប និងមានប្រសិទ្ធិភាព ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ៕