(កំពង់ស្ពឺ)៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដល់គ្រូពេទ្យ វេជ្ជបណ្ឌិត សេវាឯកជន ដែលប្រតិបត្តិការនៅក្រុងច្បារមន ស្រុកសំរោងទង និងស្រុកឱរ៉ាល់ សរុបចំនួន ២៤០នាក់ ក្រោមវត្តមានលោកវេជ្ជ អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល។
កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ដោយក្នុងនោះ លោកវេជ្ជ អោ វណ្ណថេន បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានប្រកាសពង្រឹងការប្រតិបត្តិយ៉ាងមុតមាំ ដើម្បីជៀសវាងទង្វើមិនប្រក្រតី និងកំហុសឆ្គងនានា ក្នុងនោះរួមមាន៖
១៖គ្រប់សេវាព្យាបាល និងថែទាំទាំងអស់ ទាំងសាធារណៈ និងឯកជន ត្រូវបញ្ឈប់ការដាក់សេរ៉ូមដល់អ្នកជំងឺ ដែលជិះលើម៉ូតូតាមផ្លូវបសាធារណៈ ទាំងដៃជាប់សេរ៉ូម លើកលែងតែករណីសង្គ្រោះបន្ទាន់។
២៖ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ចំពោះការពិនិត្យព្យាបាលជំងឺ ដោយគោរពតាមនិយាមវិជ្ជាជីវៈ និងបច្ចេកទេសសុខាភិបាល។
៣៖ត្រូវអនុវត្តតាមសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពដើម្បីរក្សាភាពសុចរិត ភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
៤៖ត្រូវពន្យល់ បកស្រាយ និងឆ្លើយតបរាល់សំណូមពរទាំងឡាយរបស់អ្នកជំងឺ ពាក់ព័ន្ធស្ថានភាពជំងឺ និងផលលំបាក នៃការវះកាត់ និងការប្រើប្រាស់ឱសថ ក្នុងនោះមានសេរ៉ូមផងដែរ ដែលមិនមានការចាំបាច់៕