(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នៅតែបន្តកើនឡើងគួរជាទីពេញចិត្ត ក្នុងអត្រាខ្ពស់ប្រមាណ៧% នៅក្នុងឆ្នាំ២០១៦នេះ និងនៅឆ្នាំ២០១៧ខាងមុខ។
ការបង្ហាញនូវកំណើនសេដ្ឋកិច្ច របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឡើងក្នុងរបាយការណ៍ ស្តីពី «វឌ្ឍនៈភាព ម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ២០១៦ និងទស្សនវិស័យឆ្នាំ២០១៧» ដែលទើបចេញផ្សាយនៅថ្ងៃចន្ទ។
របាយការណ៍របស់ធនាគារជាតិ បានគូសបញ្ជាក់ថា «សេដ្ឋកិច្ចកម្ពុជា បន្តមានកំណើនគួរជាទីពេញចិត្តក្នុងអត្រាខ្ពស់ ប្រមាណ៧% ដែលគាំទ្រដោយកំណើនដ៏រឹងមាំ នៃការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង កំណើនក្នុងវិស័យសំណង់ និងអចលទ្រព្យ និងវិស័យទេសចរណ៍ ស្របពេលដែលវិស័យកសិកម្ម បានកើនឡើងជាងមុនបន្តិច»។
ធនាគារបានឲ្យដឹងទៀតថា ដោយសារកម្ពុជាមានភាពបើកចំហរ និងសមាហរណកម្មខ្ពស់ នៅក្នុងតំបន់ និងពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជា នឹងអាចទទួលបានភាពអំណោយផល ពីការកើនឡើងនៃសេដ្ឋកិច្ចពិភពលោក និងភាពរឹងមាំ នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ ទទឹមនឹងការប្រឈមហានិភ័យពីខាងក្រៅ។
របាយការណ៍ធនាគារជាតិ បានកត់សំគាល់ឃើញថា «ផ្អែកតាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភវិឌ្ឍន៍អាស៊ី ក៏ដូចជារាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា នឹងបន្តស្ថិតលើគម្លងនៃកំណើនរយៈពេលវែង ក្នុងអត្រាខ្ពស់ប្រមាណ៧% នៅក្នុងឆ្នាំ២០១៧ ដោយសារភាពរឹងមាំនៃវិស័យកាត់ដេរ សំលៀបបំពាក់ និងស្បែកជើង កំណើនក្នុងវិស័យសំណង់ និងអចលទ្រព្យ ជាមួយនឹងការកើនឡើង វិស័យទេសចរណ៍ និងកសិកម្ម»។
ធនាគារជាតិបានឲ្យដឹងទៀតថា ក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ កំណើនចំណូលចំពោះប្រជាពលរដ្ឋម្នាក់មានពីប្រមាណ ៦២៨ដុល្លារ ដល់១៣០០ដុល្លារអាមេរិក៕