(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅចំពោះមុខមន្រ្តីនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ ជាង២០០នាក់ យ៉ាងច្បាស់ៗថា នៅថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃការទូន្មានចំពោះមន្រ្តីណា ដែលអនុវត្តខុសពីតួនាទី និងច្បាប់កំណត់។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីថ្ងៃនេះទៅ គឺជាថ្ងៃដែលត្រូវដាក់ពិន័យរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បើសិនជាមន្រ្តីនគរបាលទាំងនោះ បានអនុវត្តតួនាទីខុសច្បាប់ ជាពិសេសការចាប់ផាកពិន័យ ពីប្រជាពលរដ្ឋាតាមដងផ្លូវ លើសពីច្បាប់បានកំណត់។
ការថ្លែងបេបនេះ របស់នាយឧត្តមមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងក្នុងពិធីជួនសំណេះសំណាល ជាមួយបន្រ្តីនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ ប្រមាណជាង២០០នាក់ ដែលបន្តធ្វើនៅរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ដោយទទួលស្គាល់ថា កន្លងទៅ មន្រ្តីនគរបាលចរាចរណ៍ ពិតជាបានផាកពិន័យពីប្រជាពលរដ្ឋតាមដងផ្លូវ លើសច្បាប់កំណត់ ប៉ុន្តែថ្នាក់ដឹកនាំចេះតែមានការយោគយល់ ពីព្រោះយល់ឃើញពីគុណបំណាច់ និងស្នាដៃ ដែលខិតខំធ្វើទាំងយប់ទាំងថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃស្អែកតទៅ បើមន្ត្រីណាម្នាក់ ធ្វើខុសឲ្យប្រជាពលរដ្ឋគ្នើសចិត្ត និងរិះគន់នោះ ពិសេសយកលុយថ្លៃផាកពិន័យហួសពីច្បាប់កំណត់ នឹងចាត់វិធានការតាមច្បាប់រដ្ឋបាល និងព្រហ្មទណ្ឌរហូតជាប់ពន្ធនាគារ និងពិន័យជាប្រាក់ទៀតផង។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានផ្តល់ប្រាក់ឧបត្ថម្ភដល់នគរបាលចរាចរណ៍ដែលចូលរួមទាំងអស់ក្នុងម្នាក់ៗ ទទួលបានថវិកា១០មុឺនរៀល៕