(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងអារម្មណ៍អាក់អន់ស្រពន់ចិត្ត បន្ទាប់ពីមានការផ្សព្វផ្សាយថា ការណាត់ជួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយអ្នកព័ត៌មាននៅកម្ពុជា នាំឲ្យជះឥទ្ធិពលដល់វិជ្ជាជីវៈរបស់អ្នក ព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានសម្តែងចម្ងល់នៅតាមទំព័រ Facebook របស់លោកនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះថា នៅអាមេរិក ប្រធានាធិបតីអាមេរិកមានកម្មវិធីជួបអ្នកព័ត៌មានប្រចាំឆ្នាំ អត់មានឮអ្នកស្រែកបារម្ភអ្វីសោះ ផ្ទុយពីកម្ពុជា នៅពេលមានការប្រកាសជួប រវាងនាយករដ្ឋមន្រ្តី និងអ្នកព័ត៌មាន មានអ្នកបារម្ភពីការប៉ះពាល់ដល់វិជ្ជាជីវៈ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «នៅអាមេរិក ប្រធានាធិបតីអាមេរិកមានកម្មវិធីជួបអ្នកកាសែតប្រចាំឆ្នាំ អត់លឺមានអ្នកស្រែកបារម្ភអីសោះ ដល់នាយករដ្ឋមន្ត្រីខ្មែរទទួលយកសំណូមពរអ្នកកាសែតសូមមានកម្មវិធីដូចគ្នានេះ ស្រាប់តែមានអ្នកបារម្ភថារដ្ឋាភិបាលអាចជះឥទ្ធិពលមកលើអ្នកកាសែតស្រុកខ្មែរ។ ចុះមើលងាយអ្នកកាសែតខ្មែរដល់បែបណឹង?»។
លោក ខៀវ កាញារីទ្ធ ក៏បានផ្តាំទៅអ្នកព័ត៌មាន ដែលបារម្ភប៉ះពាល់ដល់វិជ្ជាជីវៈថា លោកមិនអញ្ជើញពួកគេនោះឡើយ។ លោកបានបញ្ជាក់ដូច្នេះ «សូមអ្នកបារម្ភកុំបារម្ភអី ពួកយើងខ្ញុំមិនហ៊ានអញ្ជើញក្រុមលោកទៅទេ ព្រោះបើចៅហ្វាយនាយលោកដឹងគេច្បាស់ជាផ្តាច់លុយអត់អីចិញ្ចឹមប្រពន្ធកូនហើយ។ យោគយល់គ្នាប៉ុណ្ណឹងគ្រប់គ្រាន់ទេ?»។
សូមបញ្ជាក់ថា ការប្រតិកម្មរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបានធ្វើឡើងថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយដែលមានទ្រទ្រង់ថវិកា ដោយសហរដ្ឋអាមេរិក បានចេញផ្សាយលើកបង្ហាញពីការព្រួយបារម្ភមួយចំនួនរបស់អ្នកជំនាញទៅលើផលប៉ះពាល់នៃវិជ្ជាជីវៈរបស់អ្នកព័ត៌មាននៅកម្ពុជា កើតចេញពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃជួបជុំជាលើកដំបូងរវាងសម្តេច ជាមួយក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ពីគ្នាឲ្យបានកាន់តែច្រើន ហើយក៏ជាឱកាសមួយសម្រាប់ការចោទសួរ ទៅលើបញ្ហាផ្សេងៗផងដែរ៕