(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្មីៗនេះ បានសម្រេចបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿង ឃាតកម្មលើ លោកបណ្ឌិត កែម ឡី ហើយ។ នេះបើតាមសេចក្តីជូនដំណឹងដែលចេញដោយ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ផ្ញើទៅកាន់អ្នកពាក់ព័ន្ធនានា ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងលិខិតរបស់ លោក សេង លាង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បានសរសេរយ៉ាងដូច្នេះថា «ក្រោយពីបានស៊ើបសួរ ប្រមូលភស្តុតាងដែលទាក់ទិន ហើយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទការស៊ើបសួរលើសំណុំរឿងនេះ»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា សំណុំរឿងនេះនៅមិនទាន់បញ្ជូនទៅជំនុំជម្រះនៅឡើយទេ ដោយគ្រាន់តែជាការជូនដំណឹងអំពីការបិទការស៊ើបសួរតែប៉ុណ្ណោះ។ លោកថា «មិនទាន់ទេ ដោយនេះគ្រាន់តែជាការជូនដំណឹងអំពីការបិទការសើបសួរតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយ ទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយឃាតកម្មនេះភ្លាមៗ សមត្ថកិច្ចបានដេញចាប់បានជនដៃដល់ម្នាក់ឈ្មោះ «ជួប សម្លាប់» អាយុ៣៨ឆ្នាំ។ តុលាការបានសម្រេចចោទប្រកាន់ជននេះចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិត ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕