(ភ្នំពេញ)៖ នៅសល់តែ១ថ្ងៃទៀតទេ តុលាការរាជធានី នឹងចុះអនុវត្តសាលដីការឹបអូស យកផ្ទះដែលជាកម្មសិទ្ធិ របស់អ្នកចាញ់ក្ដី ហើយត្រូវបាន លក់ឡៃឡុង ដោយតុលាការ ដើម្បីផ្ដល់ជាសំណងដល់ភាគីឈ្នះក្ដី តែលោក យិន សុវណ្ណី ដែលជាម្ចាស់ផ្ទះ ហើយចាត់ទុកថាលោកគឺជា ជនរងគ្រោះក្នុងរឿងក្ដីនេះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៏ផ្ដល់ភាពយុត្តិធម៌ ដល់រូបលោកដោយក្ដីអនុគ្រោះ ព្រោះរូបលោករងគ្រោះ អស់លុយ រាប់សែនដុល្លារពី ការទិញ អាជ្ញាប័ណ្ណខ្សាច់ពីលោក ឡៅ ស៊ុនប៉ា តែមិនបាន អាជ្ញាប័ណ្ណហើយ ត្រូវលោក ឡៅ ស៊ុនប៉ា ប្ដឹងរឹបអូសយកផ្ទះទៀត។
ករណីអយុត្តិធម៌កើតឡើង ចំពោះភាគីអ្នកទិញដែលបានចំណាយលុយ អស់រហូតដល់ទៅជាង ២០មុឺនដុល្លារហើយ មិនទទួលបានអាជ្ញាប័ណ្ណ ខ្សាច់ដូចតាមកិច្ចសន្យា និងត្រូវបានភាគីអ្នកលក់ប្ដឹង ទាមទារលុយដែលនៅសល់ រហូតដល់តុលាការកាត់ក្ដី កំបាំងមុខអោយភាគីអ្នកទិញ ចាញ់និងបង្គាប់អោយរឹប អូសយកផ្ទះលក់ឡៃឡុង សងជាសំណងដល់ភាគីអ្នកលក់ថែមទៀតផងនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ តុលាការនឹងលើកគ្នាទៅរឹបអូស យកផ្ទះរបស់ភាគីអ្នកទិញ សារជាថ្មីទៀត ហើយខណៈកន្លងមកតុលាការធ្លាប់ចុះទៅអនុវត្តជាច្រើនដង តែមិន អនុវត្តបាន ព្រោះតែរឿងក្ដីនេះវាអយុត្តិធម៌ខ្លាំងពេកចំពោះភាគីអ្នកទិញ ដែលរងគ្រោះម្ដង ជាពីរដង ហើយភាគីអ្នកទិញសំណូមពរ សូមអោយ សម្ដេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៏លើករណីនេះផងដើម្បីកុំអោយជនខិលខូចចេះតែដើរធ្វើផ្ដេសផ្ដាស់រំលោភបំពាន គេឯងស្រេច នឹងចិត្តតទៅទៀត។
ជាមួយនោះផងដែរ លោក យិន សុវណ្ណីក៏បានសរសេរ លិខិតទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំអន្តរាគមន៏ ផ្អាកការអនុវត្តសាលដីការឹបអូសផ្ទះរបស់លោក ដើម្បីទុកពេលអោយលោកប្ដឹងសើរើ ក្នុងរឿងក្ដីនេះដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោកវិញផងដែរ។ តាមការរៀបរាប់ពីលោក យិន សុវណ្ណី ដែលជាភាគីអ្នកទិញ នឹងជាអ្នក រងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨ លោកបានព្រម ព្រៀង ចុះកិច្ចសន្យាទិញក្រុមហ៊ុនដាយមិនសិន របស់លោក ឡៅ ស៊ុនប៉ា ដែលអះអាងថាមាន អាជ្ញាប័ណ្ណរ៉ែខ្សាច់ក្នុងតម្លៃ២៩មុឺនដុល្លារ។ ក្នុងនោះភាគីអ្នកលក់ត្រូវ ធានារត់ការផ្ទេរអាជ្ញាប័ណ្ណរ៉ែ និងផ្ទេរក្រុមហ៊ុនមក អោយភាគីអ្នកលក់ថែមទៀតផង។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយ ភាគី អ្នកទិញបានប្រគល់លុយទៅ អោយភាគីអ្នកលក់ជាបន្តបន្ទាប់ ដែលសរុបអស់ទឹកប្រាក់ខ្ទង់ ២៥មុឺនដុល្លារ(មានឯកសារ)។ ក្នុងនោះ ដើម្បីធានា ដល់ការផ្ទេរអាជ្ញាប័ណ្ណអោយមានប្រសិទ្ធភាព ភាគីអ្នកទិញបានផ្ដល់ទឹកប្រាក់ចុងក្រោយជាសែក៣មុឺនដុល្លារចំនួន២សន្លឹកស្មើ៦មុឺនដុល្លារទៅ ភាគីអ្នកលក់ ដោយ កំណត់រយៈពេល បើកជាសាច់ប្រាក់បាននៅ ពេលណាដែលភាគីអ្នកលក់ រត់ការផ្ទេរអាជ្ញាប័ណ្ណ រួចរាល់អោយភាគីអ្នកទិញ។
ប៉ុន្តែខណៈភាគីអ្នកលក់មិនទាន់រត់ការផ្ទេរអាជ្ញាប័ណ្ណបានផង ស្រាប់តែនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលចេញសេចក្ដីសំរេចស្ដីពី ការកំណត់ការធ្វើអាជីវកម្ម ខ្សាច់ដោយបញ្ឈប់ការនាំខ្សាច់ទៅក្រៅប្រទេស ធ្វើអោយកិច្ច សន្យាទិញ លក់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណខ្សាច់ខាង លើនេះអស់សុពលភាព ហើយភាគីអ្នកទិញខ្លាច បាត់បង់ប្រាក់៦មុឺនដុល្លារដែលដាក់នៅក្នុងគណនី ធនាគារក៏ទៅដកយកសាច់ប្រាក់នោះវិញ ធ្វើអោយសែក២សន្លឹក ដែលលោកយិន សុវណ្ណី ប្រគល់ទៅអោយលោក ឡៅ ស៊ុនប៉ា នោះគ្មានសាច់ប្រាក់។
ចំណែក លោក ឡៅ ស៊ុនប៉ា ពេល ដឹងថារាជរដ្ឋាភិបាលបញ្ឈប់ ការនាំខ្សាច់ចេញទៅក្រៅប្រទេស ធ្វើអោយអាជ្ញាប័ណ្ណខ្សាច់របស់ខ្លួន ដែលលក់ទៅអោយលោក យិន សុវណ្ណី គ្មាន តម្លៃ ក៏ប្រញាប់ទៅដកសាច់ប្រាក់៦មុឺនដុល្លារ តាមរយៈសែក២សន្លឹក តែខាងធនាគារបញ្ជាក់ថាគ្មានសាច់ប្រាក់ ចុងក្រោយក៏ដាក់ពាក្យ បណ្ដឹង ទៅតុលាការប្ដឹងលោក យិន សុវណ្ណីពីបទចេញសែកអត់សាច់ប្រាក់ (សែកស្អុយ) ដោយប្ដឹងទាមទារប្រាក់ដែលនៅសល់៦មុឺនដុល្លារ និងទារជំងឺចិត្ត ថែមទៀតផង។
លោកយិន សុវណ្ណីបានបន្ថែមថា ក្រោយលោក ឡៅ ស៊ុនប៉ា ប្ដឹង តុលាការបានកាត់ក្ដីជាបន្តបន្ទាប់ខ្លះកំបាំងមុខ ពេលខ្លះមិនបាន ហៅលោក ទៅសាកសួរនោះឡើយ រហូត ដល់ទុកអោយសាលដីកាចូលស្ថាពរ និងតុលាការប្រកាសលក់ឡៃឡុងទាំងម្ចាស់ផ្ទះមិនដឹងខ្លួន ហើយ ចុះរឹបអូសយកផ្ទះរបស់លោកប្រគល់ទៅអោយអ្នកទិញដើម្បីយក លុយផ្ដល់សំណងដល់លោក ឡៅ ស៊ុនប៉ា។ ពាក់ព័ន្ធរឿងរ៉ាវអយុត្តិធម៌ខាងលើនេះ លោកយិន សុវណ្ណី បានបញ្ជាក់ថាក្នុងកិច្ចសន្យាតម្រូវអោយលោកឡៅ ស៊ុនប៉ា ភាគីអ្នក លក់រត់ការផ្ទេរ ក្រុមហ៊ុន និង អាជ្ញាខ្សាច់អោយលោកអោយបានរួចរាល់ទើប លោកប្រគល់លុយអោយគ្រប់ តែទើបរត់ការបានត្រឹម CDC និងក្រសួងពាណិជ្ជកម្ម ប៉ុណ្ណោះ នៅ ខ្វះក្រសួងរ៉ែ ក្រសួង បរិសា្ថន និងក្រសួងធនធានទឹកទៀត បែរមកទាមទារយកលុយ៦មុឺនដុល្លារ ចុងក្រោយទៅវិញ បើទោះបីនៅក្នុង លិខិតប្រគល់ឯកសាររបស់លោក ឡៅ ស៊ុនប៉ា ទៅអោយលោកមេធាវី កែវ យ៉ា ដែលជាមេធាវីរបស់លោក យិន សុវណ្ណី មិនមានចំណុចណាមួយ បញ្ជាក់ថាលោក ឡៅ ស៊ុនប៉ា បានប្រគល់ឯកសារអាជ្ញាប័ណ្ណ ខ្សាច់ច្បាប់ដើមក៏ដោយ។
មានន័យថាលោកឡៅ ស៊ុនប៉ា លក់អាជ្ញាប័ណ្ណខ្សាច់អោយ លោក យិន សុវណ្ណី ក្នុងតម្លៃ២៩មុឺនដុល្លារ ទទួលបានលុយជាង២០មុឺនដុល្លារ មិនប្រគល់អាជ្ញាប័ណ្ណច្បាប់ដើម អោយអ្នកទិញហើយ នៅប្ដឹងទារ លុយនៅសល់៦មុឺនដុល្លារថែមទៀត។ ពាក់ព័ន្ធការអះអាងរបស់លោក យិន សុណ្ណី ខាងលើនេះ លោក ឡៅ ស៊ុនប៉ា ធ្លាប់បានអះអាង ប្រាប់ Fresh News កាលពីថ្មីៗនេះថា លោក យិន សុវណ្ណី ទិញអាជ្ញាប័ណ្ណខ្សាច់ពីលោកក្នុងតម្លៃ២៩មុឺនដុល្លារ លោកប្រគល់អាជ្ញាប័ណ្ណតាមរយៈមេធាវីអស់ហើយ នៅខ្វះលុយ ចំនួន៦មុឺនដុល្លារ ក៏ប្រគល់ សែកអោយលោកចំនួន២សន្លឹកស្មើទឹកប្រាក់៦មុឺនដុល្លារ ពេលលោកទៅបើក បែរជាធនាគារថាសែកអត់សាច់ប្រាក់ទៅវិញ ទើបលោកប្ដឹង ទៅតុលាការ ពីបទចេញសែកអត់សាច់ប្រាក់តែម្ដងទៅ។ ប៉ុន្តែក្រោយមកលោកបានអះអាងបន្ថែមថាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលផ្ដល់អាជ្ញា ប័ណ្ណរ៉ែខ្សាច់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៨ អោយក្រុមហ៊ុន Diamond Sand ហើយលោក យិន សុវណ្ណី ក្លាយជាអភិបាលក្រុមហ៊ុននេះនៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០០៩ គឺគាត់ជាម្ចាស់អាជ្ញាប័ណ្ណរបស់ ក្រុមហ៊ុន Diamond Sand ដោយស្របច្បាប់ហើយ។ ក្នុងនោះលោកក៏អះអាងថាមូល ហេតុដែលលោកមិនទាន់ ប្រគល់អាជ្ញាប័ណ្ណខ្សាច់អោយ ទៅលោក យិន សុវណ្ណី ដោយសារ តែគាត់មិនទាន់អោយលុយថ្លៃទិញអាជ្ញាប័ណ្ណគ្រប់ ខណៈកន្លងមកលោកបានអះអាងថាបានអោយគ្រប់ហើយតាមរយៈលោកមេធាវីកែវ យ៉ា។
ប៉ុន្តែលោក យិន សុវណ្ណី បានអះអាងថាកាលណោះលុយលោកចាំតែអោយទេ តែលោក ឡៅ ស៊ុនប៉ា រត់ការផ្ទេរអាជ្ញាប័ណ្ណអោយមកលោកមិនទាន់បាន។ ក្នុងនោះលោក យិន សុវណ្ណីបានបន្ថែមថា បើលោកមានចេតនាមិនអោយលុយ មិនមែនលោកយកសែកមានទឹកប្រាក់៦មុឺនដុល្លារទៅតម្កល់នោះទេ។
លោក យិន សុវណ្ណី បានបន្ថែមថាតាមពិតសែក២សន្លឹកនោះគឺមានសាច់ប្រាក់នៅក្នុងធនាគារ តែពេលលោកប្រគល់ទៅអោយលោក ឡៅ ស៊ុនប៉ា គឺមិនអាច បើកបាន ភ្លាមៗទេ ទាល់តែលោក ឡៅ ស៊ុនប៉ា រត់ឯកសារផ្ទេរអាជ្ញាប័ណ្ណមកអោយលោករួចរាល់ទើបអាចបើកប្រាក់បាន តែលោក ឡៅ ស៊ុនប៉ា រត់ឯកសារ ផ្ទេរអាជ្ញាប័ណ្ណមិន ទាន់បានផង រាជរដ្ឋាភិបាលក៏សំរេចបិទអាជីវកម្មនាំខ្សាច់ទៅក្រៅប្រទេស ធ្វើអោយអាជ្ញាប័ណ្ណខ្សាច់ដែលលោក ឡៅ ស៊ុនប៉ា លក់មក អោយខ្លួនទៅជាអាជ្ញាប័ណ្ណ ដែល មិនអាចធ្វើអាជីវកម្មនាំខ្សាច់ទៅក្រៅប្រទេសបាន ហើយដោយខ្លាចអស់លុយ៦មុឺនដុល្លារថែមទៀត លោកក៏ប្រញាប់ ទៅដកលុយនោះពីកុងធនាគារវិញ ពេលលោក ឡៅ ស៊ុនប៉ា ទៅបើក អត់លុយក៏ប្ដឹងតែម្ដងទៅ៕