(ភ្នំពេញ)៖ ក្នុងតំណែងជាអភិបាលរាជធានីភ្នំពេញរបស់ លោក ប៉ា សុជាតិវង្ស រយៈពេល ១,២០០ថ្ងៃ កន្លងមក បានធ្វើឲ្យភ្នំពេញកែប្រែមុខមាត់ គួរឲ្យកត់សម្គាល់ ក្នុងនោះ​ផ្លូវបេតុង និងផ្លូវអ៊ុតកៅស៊ូ ប្រវែង៣៨០គីឡូម៉ែត្រ ក៏ត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់ផងដែរ, នេះបើតាមការលើកឡើងរបស់ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី​ភ្នំពេញ។

លោក មាន ចាន់យ៉ាដា លើកឡើងដូចនេះ ត្រូវធ្វើឡើងនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ AC ចំនួន៥ខ្សែ មានប្រវែងជាង​៤គីឡូម៉ែត្រ ក្នុងខណ្ឌដូនពេញ។

លោក មាន ចាន់យ៉ាដា បានបន្តថា «ក្នុងរយៈពេល ១២,០០០ថ្ងៃ កន្លងមក ក្រោមការដឹកនាំរបស់ លោក ប៉ា សុជាតិវង្ស រដ្ឋបាលរាជធានីបានស្ថាបនាផ្លូវបេតុងកម្រាស់ ២តឹក បានប្រវែង៣៨០គីឡូម៉ែត្រ មានគុណភាពអាចប្រើប្រាស់បានរយៈពេលពី ៣០ទៅ៤០ឆ្នាំ។ នៅពេលចេញក្បាលថ្ម យើងនឹងអ៊ុតកៅស៊ូពីលើថែមទៀត ដែលមានកម្រាស់ពី ៥ទៅ៨សង់ទីម៉ែត្រ ដើម្បីប្រើប្រាស់បាន២០ឆ្នាំទៀត»

ពាក់ព័ន្ធនឹងការបើកការដ្ឋានជួសជុលផ្លូវ និងអ៊ុតកៅស៊ូ AC ខាងលើ លោក មាន ចាន់យ៉ាដា បានលើកឡើងថា ការដ្ឋានជួសជុលផ្លូវ និងអ៊ុតកៅស៊ូ AC ចំនួន៥ខ្សែបន្ថែមទៀតនេះ គឺស្ថិតក្នុងចំណោមផ្លូវសរុប ៥៧ខ្សែ ដែលលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ ដើម្បីឲ្យមន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការស្ថាបនា ត្រូវជួសជុល និងអ៊ុតកៅស៊ូឲ្យរួចរាល់ នៅមុនបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក ពៅ មានហៃ នាយករងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានជួសជុលផ្លូវ ៥ខ្សែ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ​នេះ រួមមាន៖
១- ផ្លូវលេខ២៤០ ពីមហាវិថីព្រះមុនីវង្ស ដល់ មហាវិថីព្រះនរោត្តម ប្រវែង៧៦០ម៉ែត្រ
២- ផ្លូវលេខប៉ាស្ទ័រ ពីមហាវិថីព្រះសីហនុ ដល់ ផ្លូវលេខ១៧៨ ប្រវែង៩៧០ម៉ែត្រ
៣- ផ្លូវលេខ១៨៤ ពីមហាវិថីព្រះមុនីវង្ស ដល់ មហាវិថីព្រះនរោត្តម ប្រវែង១,៣២០ម៉ែត្រ
៤- ផ្លូវលេខ១១០ ពីមហាវិថីព្រះនរោត្តម ដល់ វិថីព្រះស៊ីសុវត្ថិ ប្រវែង៥៥០ម៉ែត្រ
៥- ផ្លូវលេខ៥៥ ពីផ្លូវលេខ២១៤ ដល់ មហាវិថីព្រះសីហនុ ប្រវែង៥១៥ម៉ែត្រ។

លោក ពៅ មានហៃ បានបន្តថា ក្រៅពីផ្លូវទាំង៥៧ខ្សែក្នុងគម្រោងខាងលើ ក៏នៅមានគម្រោងស្ថាបនាផ្លូវប្រភេទអ៊ុតកៅស៊ូ និងប្រភេទបេតុងសរុប ១៨០គីឡូម៉ែត្រ ដែលរដ្ឋបាលរាជធានី គ្រោងនឹងត្រូវស្ថាបនាក្នុងផែនការ ឆ្នាំ២០១៧ ខាងមុខផងដែរ៕