(ភ្នំពេញ)៖ នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំការដាក់តាំងពិព័រណ៍ប្រចាំឆ្នាំថ្នាក់ជាតិ ស្ដីពី «ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម» ដើម្បីចូលរួមចំណែកកែលំអសេវាផ្សព្វផ្សាយកសិកម្មដល់កសិករខ្នាតតូចនៅប្រទេសកម្ពុជា ឲ្យទទួលបានការលើកកម្ពស់គំរូមួយសម្រាប់សេវាកសិកម្មដើម្បីចូលរួមជំរុញ កំណើនសេដ្ឋកិច្ចតាមរយៈបង្កើតប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុក្នុងមុខរបរកសិកម្ម ។
នៅក្នុងពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពី លោកបណ្ឌិត ម៉ាក សឿន អគ្គនាយករង GDA និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE លោក ម៉ម អំណត់ រដ្ឋលេខាធិការ MAFF និងជានាយកកម្មវិធី ASPIRE និងមានតំណាងពីអង្គភាពជំនាញពាក់ព័ន្ធនានា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីដៃគូអភិវឌ្ឍនានា វិស័យឯកជន អង្គាការក្រៅរដ្ឋាភិបាលជាតិ និងនិស្សិតចំនួនប្រមាណជាង១៥០នាក់ ដែលមានការដាក់តាំងស្ដង់ពិព័រណ៍ចំនួន២៤ស្ដង់ ។
លោកបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងឲ្យដឹងថា «ថ្ងៃនេះយើងបានរៀបចំស្ដង់ពិព័រណ៍ ហើយក៏ជាកិច្ចដំណើរការថ្មីមួយដែលយើងយល់ថា ការងារដែលបង្ហាញអំពីឯកសារ និងមធ្យោបាយផ្សព្វផ្សាយនាពេលនេះ ទាមទារឲ្យមានការចូលរួមសហការទាំងអស់គ្នា រាប់ទាំងប្រព័ន្ធទូរទស្សន៍ និងវិទ្យុជាតិទាំង ដែលធ្វើការផ្សព្វផ្សាយ»។
លោកបណ្ឌិតបានបន្ថែមទៀតថា «សូមឲ្យមានកិច្ចសហរការ អំពីវិទ្យុជាតិ និងទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ អ្វីដែលមានប្រសិទ្ធភាព ឆាប់រហ័សដល់កសិករ គឺឲ្យមានការពិភាក្សា សាកសួរមកខាងគណៈកម្មធិការក្រុមប្រឹក្សាផ្សព្វផ្សាយកសិកម្មជាតិ» ។
សូមជម្រាបថា ការរៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងប្រមូលព័ត៌មាន ឯកសារផ្សព្វផ្សាយកសិកម្ម ការចែករំលែក ចំណេះដឹងបទពិសោធន៍ និងវិធីសាស្រ្ដផ្សាព្វផ្សាយបច្ចេកទេស កសិកម្មថ្មីទៅដល់ស្ថាប័នពាក់ព័ន្ធ អង្គការពាក់ពន្ធ័ និងកសិករ ដើម្បីប្រើប្រាស់ព័ត៌មានឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពសម្រាប់ការងារផ្សាព្វផ្សាយបច្ចេកទេសកសិកកម្ម៕