(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជំរុញណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតដំបូង ចៀសវាងការខុសអក្ខរាវិរុទ្ធ ឬខុសថ្ងៃខែឆ្នាំកំណើត ឬកំហុសឆ្គងផ្សេងទៀត ដើម្បីទទួលបានសិទ្ធិបោះឆ្នោតពេញលេញ និងដាក់ពាក្យបណ្ដឹងឲ្យបានទាន់ពេលវេលា បើមានភាពខុសប្រក្រតីណាមួយ។
ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ AC ចំនួន៥ខ្សែ មានប្រវែងជាង៤គីឡូម៉ែត្រ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសថា បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត នឹងត្រូវបិទផ្សាយជាផ្លូវការនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ខាងមុខ នៅតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេសកម្ពុជា។
ចំណែកបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ សាមីខ្លួនដែលមានបញ្ហា ឬតំណាងអាចទៅដាក់ពាក្យបណ្ដឹងបាន ត្រឹមរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃបិទបញ្ជីបោះឆ្នោត ពោលគឺត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៕