(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកប្រកាសថា លោកនឹងបញ្ជាឲ្យចាប់ខ្លួនមន្រ្តី នគរបាលចរាចរណ៍ មុនពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកចាប់ទៅទៀត បើសិនរកឃើញ មន្រ្តីនគរបាលចរាចរណ៍ទាំងនោះ បន្តយកលុយផាកពិន័យ ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវលើសច្បាប់ ដែលបានកំណត់។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា លោកមិនទុកឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះមកចាប់មុននោះទេ គឺលោកនឹងចាប់ភ្លាម ចំពោះមន្រ្តីនគរបាលដែល ប្រព្រឹត្តល្មើសច្បាប់ លើការផាកពិន័យពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ជួន សុវណ្ណ ក៏បានប្រកាសជាសាធារណៈ នូវប្រព័ន្ធលេខទូរស័ព្ទ របស់លោក និងស្នងការរង៣នាក់ទៀតដើម្បីឲ្យ ប្រជាពលរដ្ឋអាចទូរស័ព្ទរាយការណ៍ បើសិនរកឃើញថា មន្រ្តីនគរបាលណាម្នាក់ ជាពិសេសមន្រ្តីនគរបាលចរាចរណ៍ ដែលបានធ្វើការ ផាកពិន័យខុសច្បាប់។
ការប្រកាសបទបញ្ជាយ៉ាងដូច្នេះ បានធ្វើឡើង ខណៈនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយភ្លាមៗ ជាបន្ទាន់ ស្ដីពីបញ្ហាវិជ្ជមាន និងអវិជ្ជមាន ជាមួយកងកម្លាំងនគរបាលចរាចរណ៍ទូទាំង រាជធានីភ្នំពេញជាង២០០នាក់ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីពង្រឹងឲ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ទៅលើការអនុវត្ត ច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ ជួន សុវ ណ្ណ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់បញ្ហាវិជ្ជមាន គឺសំដៅទៅលើ មន្ត្រីនគរបាលចរាចរណ៍ ដែលបានខិតខំប្រឹង ប្រែងបំពេញភារកិច្ចបានល្អ ដោយចំណាយទាំងពេលវេលា បើទោះបីជាថ្ងៃបុណ្យទាន ក៏មិនមានពេលសម្រាក ហើយត្រូវឆ្លងកាត់ព្យុះភ្លៀង និងទាំងកណ្ដាលថ្ងៃក្ដៅ សូម្បីប្រពន្ធកូន ក៏មិនមានពេលជួបគ្រប់គ្រាន់ ដូចកងកម្លាំង និងប្រជាពលរដ្ឋដ៏ទៃដែរ។ ដោយឡែក សម្រាប់បញ្ហាអវិជ្ជមានវិញ គឺសំដៅទៅលើមន្ត្រីនគរបាលចរាចរណ៍ ដែលមិនបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ហើយបង្កភាពអសកម្ម និងមានចំណុចខ្វះខាតជាច្រើន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយ សសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង នគរបាលជាតិពោល «ត្រីមួយកន្ត្រកស្អុយមួយ គឺស្អុយទាំងអស់» តាមរយៈការប្រើពាក្យសំដី កាយវិការមិនសមរម្យ ទៅលើប្រជាពលរដ្ឋ ពេលកំពុងបន្តអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈ ។
នាយឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា មួយរយៈកាលកន្លងមកនេះ បណ្ដាញព័ត៌មានសង្គម Facebook បានបង្ហោះបង្ហាញពី សកម្មភាពរបស់មន្ត្រីនគរបាល ដែលកំពុងឈរជើងអនុវត្តន៍ច្បាប់ចរាចរណ៍ លើសពីកម្រិតនៃច្បាប់ «សូមស្ដាប់ឲ្យបានច្បាស់» ឧទាហរណ៍ បើច្បាប់តម្រូវឲ្យផាកពិន័យត្រឹមតែ១.០០០០រៀល ទៅលើពលរដ្ឋដែលធ្វើចរាចរតាមដងផ្លូវ ការមិនបានពាក់ខ្សែក្រវ៉ាត់ ឫគ្មានប័ណ្ណបើកបរ រថយន្ដជាដើម។ល។ តែបែរជាមន្ត្រីនគរបាលចរាចរណ៍ ដែលអនុវត្តន៍ច្បាប់ធ្វើការផាកពិន័យដល់ទៅ១.៥០០០រៀល ឫ២.០០០០រៀល ឫក៏ក្រោម១.០០០០០រៀល លើសកម្រិតច្បាប់ដែលកំណត់ ឬក្រោម គឺត្រូវប្រឈម និងទោសទណ្ឌដូចគ្នា នៃក្រមព្រហ្មទណ្ឌដែលបាន ចែងយ៉ាងច្បាស់តាមមាត្រាលេខ ៥៩៣ បទវិតិក្រម «ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពីរ៤.០០ ០.០០០រៀល ទៅដល់១០.០០០.០០០រៀល»។
នាយឧត្តសេនីយ៍ បានបញ្ជាក់ថា «សូមស្ដាប់ឲ្យបានច្បាស់ បើយោងតាមមាត្រ៥៩៣ នៃក្រមព្រហ្មទណ្ឌ បទស៊ីសំណូក ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ជាអំពើប្រ ព្រឹត្តដោយអ្នករាជការសាធារណៈ បទបញ្ជាលេខ០០៦ ប.ប.ជ ចុះថ្ងៃទី២៣/១១/១៩៩៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រការ៨ អំពីការដាក់ទណ្ឌកម្មចំណុច «គ» (រូបភាពនិងខ្លឹមសារនៃការ ដាក់ទណ្ឌកម្ម) ត្រូវដាក់ទណ្ឌកម្មអប់រំព្រមានដោយទទួលសំណូកចាប់ពី១រៀលដល់៥០០០រៀល, ត្រូវដាក់ទណ្ឌកម្មបន្ថយឋានន្តរស័ក្ដិ ឫបណ្ដេញចេញពីអង្គភាព ឫក៏ដកហូតតំណែង ឫក៏ត្រូវប ណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះមន្ត្រីនគរបាលណា ដែលទទួល សំណូកចាប់ពី៥០០១រៀលឡើងទៅ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា លោកនឹងដាក់ផែនការយ៉ាងតឹងរឹង ក្នុងការត្រួតពិនិត្យតាមដានរាល់ សកម្មភាពមិនប្រក្រតីមួយចំនួន របស់កម្លាំងនគរបាល ដែលកំពុងបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈដោយបញ្ជាឲ្យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាអ្នក ទទួលខុសត្រូវ និងទទួលសេចក្ដីរាយការណ៍ផ្សេងៗ ពីប្រជាពលរដ្ឋតាមរយះលេខទូរស័ព្ទខាងក្រោម៖
ស្នងការលេខ ទូរស័ព្ទ 095 30 7777, ស្នងការរងលោក អ៊ុច សុខុន លេខទូរស័ព្ទ 012 856 731, ស្នងការរងលោក សុង លី លេខទូរស័ព្ទ 012 822 822 និងស្នងការរងលោលក ហេង ចាន់ធារី លេខទូរស័ព្ទ 012 275 353៕