(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល (សាលាបច្ចេកទេស ថែទាំវេជ្ជសាស្រ្ត) ជាច្រើននាក់ រួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សាខា ស.វ.ស រួមជាមួយនឹងក្រុមហ៊ុនទឹកពិសាវីតាល់ ប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ធំមួយ ក្រោមប្រធានបទ «ការចែករំលែកឈាម គឺការចែករំលែកជីវិត» ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
កម្មវិធីនេះប្រារព្ធឡើងរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ក្បែរមន្ទីរពេទ្យខ្មែរ-សូវៀត ក្រោមវត្តមានលោក សាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ សុផុន វឌ្ឃនៈ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងលោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយមានការសហការពីទឹកបរិសុទ្ធវីតាល់ផងដែរ ។
លោក ហេង តៃគ្រី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានអបអរសាទរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិត ស.វ.ស ទាំងឡាយ ដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម ។ លោករដ្ឋលេខាធិការបានបន្តថា ទង្វើទាំងនេះបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ហើយសកម្មភាពបែបនេះ នឹងនៅតែបន្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។
លោកសាស្រ្តាចារ្យ សុផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុនវីតាល់ ដែលតែងតែចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលថា កម្មវិធីលើកនេះធ្វើឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រេចឲ្យបាន ១០០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២០ តាមអនុសាសន៍របស់ WHO និងក្រសួងសុខាភិបាល ដែលយើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រមូលអ្នកស្ម័គ្រចិត្តផ្តល់ឈាមឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើជាគំរូ ឈានមុខក្នុងសកម្មភាពមនុស្សធម៌នេះ។
ដើម្បីលើទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រ ក្រុមហ៊ុនទឹកពិសាវីតាល់ បានផ្តល់ទឹកវីតាល់ ៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភរោង និងឆាកគណៈអធិបតីដ៏ស្រស់ស្អាត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណគុណ ដល់ដល់និស្សិតនៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ជូនដល់មជ្ឈមណ្ឌលក្នុងកំឡុងប៉ុន្មានខែចុងក្រោយនេះ។ លោកក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាមមកដល់អង្គភាពរបស់លោក ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារសំខាន់យ៉ាងខ្លាំង ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ។
ក្រុមហ៊ុម វីតាល់ ត្រូវបានមើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មសប្បុរសធម៌នានាក្នុងសង្គម ដែលថ្មីនេះ វតាល់បាននាំអំណោយជាតុថ្មីមួយ ជូនដល់សាលាសហគមន៍បូផា ការបរិច្ចាគប្លាស្ទិចជាសាលាដប និងឧបករណ៍ជំនួយការសិក្សា ដល់សាលាកុមាពិការ មន្ទីពេទ្យកុមារអង្គរ ។ ល។ វីតាល់ពិតជារីករាយ នៅពេលដែលឃើញសន្ទុះនៃការចូលរួមក្នុងសម្មភាពមនុស្សធម៌ ក្នុងសង្គមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្អូនៗនិសិ្សត ដូច្នេះហើយ វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕