(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព លោកព្រឹទ្ធាចារ្យសិល្បៈទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន និងជាអតីតប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា ក្នុងការបំពេញភារកិច្ចយ៉ាងមមាញឹក និងសកម្មដើម្បីអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ ជូនជាតិមាតុភូមិអស់រយៈពេលជិត៦ទសវត្សមកនេះ លោកព្រឹទ្ធាចារ្យបានក្លាយទៅជាឥស្សរជនដ៏ឆ្នើមមួយរូបរបស់ជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូននូវគ្រឿងឥស្សរិយយស ជាតូបការ និងគោរមងារ មរតកមនុស្សរស់ ជាព្រឹទ្ធាចារ្យសិល្បៈ ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន។
នៅឆ្នាំ១៩៩៧ អង្គការ Fukuoka ប្រទេសជប៉ុនបានសម្រេចផ្តល់ជូននូវរង្វាន់កិត្តិយសខាងវិស័យវប្បធម៌ឈ្មោះ The Grand Prize of the Fukuoka Asian Cultural Prizes តាមរយៈស្នាដៃរបស់លោកដែលបានបង្ហាញជូនជាតិ និងអន្តរជាតិទាំងទ្រឹស្តី និងការអនុវត្តក្នុងការអភិរក្សសិល្បៈប្រពៃណី និងល្ខោននាដកម្ម...៕