(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះពិនិត្យ និងស្វែងរកការប្រព្រឹត្តបទល្មើសនៅលើផ្ទៃបឹងទន្លេសាប។
ក្នុងប្រតិបត្តិការនាព្រឹកនេះ ក្រុមការងារបានស្វែងរកឃើញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន ព្រមទាំងបានលែងកូនត្រីមួយចំនួនធំ ចូលបឹងទន្លេសាបវិញផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស នេសាទនៅបឹងទន្លេសាប ដែលមានលោក វេង សាខុន ជាប្រធាន។ គណៈកម្មការអន្តរក្រសួងនេះ មាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន។
គណៈកម្មការនេះ មានភារកិច្ច៖
- រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ
- អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ
- ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនិងវត្ថុតាង នៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន
- រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។