(ភ្នំពេញ)៖ ទារកអាយុ៥ខែម្នាក់ ស្លាប់ដោយសារការខ្ទប់ច្រមុះ ហើយសង្ស័យថា សង្សារបស់ម្ដាយក្មេង សម្លាប់ចោល។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចខុនដូ បន្ទប់ជួលលេខ១០៩ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
មន្រ្ដីនគរបាលមូលដ្ឋានបានឲ្យដឹងថា ទារិកាដែលបានបាត់បង់ជីវិតនេះឈ្មោះ ចក្រី ពិសិដ្ឋ ជេស្តា អាយុ៦ខែ រីឯម្ដាយសពឈ្មោះ ចាន់ រតនា អាយុ២៧ឆ្នាំ។
នគរបាលបន្ថែមថា ស្ដ្រីជាម្តាយក្មេង បានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនបានចេញពីខុនដូ ចំណុចកើតហេតុខាងលើដើម្បីទៅធើ្វ អត្តសញ្ញាណប័ណ្ណ នៅច្រាំងចំរះ ដោយបានផ្ញើកូនស្រី នៅជាមួយសង្ស័យឈ្មោះ ស័ក្ក ភេទប្រុស អាយុ២៩ឆាំ្ន ដែលត្រូវជាសង្សា ហើយបានបើករថយន្តទៅជាមួយមិត្តភ័ក្រ លុះពេលទៅដល់សាលាសង្កាត់ច្រាំងចំរេះ មិនមានមនុស្សធើ្វការ ហើយខ្លួនបានទូរស័ព្ទ ទៅជនសង្ស័យថា «កូនខ្ញុំយ៉ាងមិចហើយ» ហើយជនសង្ស័យបាននិយាយថា «កូនស្រីរបស់ហែ្អងស្លាប់ហើយ» លឺដូចច្នោះខ្លួន បានឲ្យមិត្តភ័ក្រ ជិះម៉ូតូឌុបទៅមើលកូនរបស់ខ្លួនមុន ដោយសារឡានខ្លួនខូច។
នគរបាលបន្ដថា ពេលម្តាយសពបើករថយន្តទៅដល់ខុនដូខាងលើ ឃើញជនសង្ស័យ កំពុងបីសពកូនខ្លួននៅក្នុងដៃ ហើយម្តាយសព បានយកកូនទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់គ្រូពេទ្យបានថា ក្មេងស្រីបានស្លាប់បាត់ទៅហើយ រួចម្តាយបានយកសពកូន មកខុនដូវិញ ក៏មានការផ្អើលឆាឡោ លឺដល់សម្ថតកិច្ចតែម្ដង។
ក្រោយបង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដ ប៉ុន្ដែស្ដ្រីជាម្ដាយ ត្រូវនគរបាលនាំទៅសាកសួរ ដោយឡែកជនសង្ស័យជាសង្សា បានរត់គេចខ្លួនបាត់ស្រមោល៕