(ភ្នំពេញ)៖ ធនាគារស្ថាបនា ភីអិលស៉ី ដែលគេស្គាល់ថាជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដ៏ល្បីនៅកម្ពុជា ហើយបានច្របាច់បញ្ចូលគ្នា ជាមួយធនាគារម៉ារូហាន់ របស់ជប៉ុន ប្រែខ្លួនទៅធនាគារពាណិជ្ជនោះ ទើបតែប្រកាសតែងតាំង ប្រធាននាយកប្រតិបត្តិថ្មី ដែលជាជនជាតិ ជប៉ុន បន្ទាប់ពីប្រធាននាយកប្រតិបត្តិចាស់ លោកឧកញ៉ា ប៊ុន មុនី លាលែងពីតំណែង។
ធនាគារស្ថាបនា បានប្រកាសថា លោក Norihiko Kato ជាប្រធាននាយកប្រតិបត្តិថ្មី របស់ធនាគារស្ថាបនា ភីអិលស៊ី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។ ក្រោយពេលលោកឧកញ៉ា ប៊ុន មុនី បានលាលែងពីតំណែង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ធនាគារនេះបានឲ្យដឹងថា ប្រធាននាយកប្រតិបត្តិថ្មី លោក Kato មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារជាង៣០ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ក្នុងវិស័យនេះជាមួយធនាគារ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) និងបានបម្រើការងារនៅទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុងអាមស្ទើដាម និង បារ៉ែន ដែលទទួលបន្ទុកលើផ្នែកធនាគារសាជីវកម្ម ផ្នែកធនធានមនុស្ស ផ្នែកផែនការ និងផ្នែកគ្រប់គ្រង។ លោកបានលាឈប់ពី ធនាគារ BTMU ក្នុងឆ្នាំ២០០៩ និងបានចូលបម្រើការងារធនាគារ Khan Bank LLC ដែលជា ធនាគារឈានមុខគេ ក្នុងប្រទេសម៉ុងហ្គោលី ក្នុងតួនាទីជាទីជាប្រធាននាយកប្រតិបត្តិស្តីទី ក្នុងឆ្នាំ២០១១ និងជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ២០១២ រហូតដល់ខែមិនា ឆ្នាំ២០១៦។ មុនពេលលោកត្រូវបានតែងតំាងជាប្រធាននាយកប្រតិបត្តិ របស់ ធនាគារ ស្ថាបនា ភីអិលស៊ី លោកបានបម្រើការងារជានាយកអាជីវកម្មហិរញ្ញវត្ថុក្រៅប្រទេសរបស់ សាជីវកម្ម ម៉ារ៉ូហាន់។
ដោយឡែកសម្រាប់ អតីតប្រធាននាយកប្រតិបត្តិ ឧកញ៉ា ប៊ុន មុនី ធ្លាប់បំពេញការងារអស់រយៈពេលជាង២០ឆ្នាំ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិរបស់ ស្ថាបនា លីមីតធីត ពោលគឺចាប់តាំងពីស្ថាបនានៅជាអង្គការ ហើយក្រោយមកលោកបានក្លាយ ជាប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី បន្ទាប់ពីច្របាច់បញ្ចូលគ្នាជាមួយធនាគារ ម៉ារូហាន់ និងបានធ្វើឱ្យធនាគារ ទទួលបានភាពរីកចម្រើន និងជោគជ័យ។
លោកឧកញ៉ា ប៊ុន មុនី ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មូលហេតុដែលលោកលាលែង ពីតំណែងនៅធនាគារស្ថាបនា ដោយសារគំនិតផ្សេងគ្នាក្នុងការដឹកនាំរវាងលោក និងភាគហ៊ុនិកជនជាតិជប៉ុន។ ហើយបន្ទាប់ពីចាកចេញពី ធនាគារស្ថាបនា លោកឧកញ៉ា ប៊ុន មុនី បានចូលកាន់តួនាទី ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី ដែលទើបបង្កើតថ្មី៕