(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជុំរះ សាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី ថាវរៈ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាស សាលក្រមសម្រេចផ្តន្ទាទោស ក្រុមជួញដូរកញ្ឆាគ្រៀមចំនួន៤នាក់ ដោយម្នាក់ៗត្រូវដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូន ផលិតសារជាតិញៀន កញ្ឆាក្រៀម ដោយខុសច្បាប់។
សាលក្រមនេះ ប្រកាសចំពោះមុខឈ្មោះ វ៉ិត សាំង, សួន ភក្តី និង សោម ដារា ខណៈកំបាំងមុងមុខ ឈ្មោះ សារាឃុំ អាឌុល ដែលជា ជនជាតិថៃ កំពុងរត់គេចខ្លួន។ សាលក្រមដដែល ក៏បានចេញដីការបង្គាប់ ឲ្យសមត្ថកិច្ច តាមស្វែងចាប់ឈ្មោះ សារ៉ាឃុំ អាឌុល ដែល ជាជនជាតិថៃដែល កំពុងគេចខ្លួនផងដែរ។
ជនទាំង៤នាក់នេះ គឺជាក្រុមសកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូន ជួញដូរសារជាតិញៀន កញ្ឆាក្រៀម ជិត២តោន ដោយខុសច្បាប់។
គួររំលឹកថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ជនល្មើសចំនួន៣នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងផលិតកញ្ឆាចំនួន ១,៤៨៧គីឡូក្រាម មាន ១-ឈ្មោះ វិត សាំង ភេទប្រុស កើតនៅឆ្នាំ១៩៦៧, ទី២.ឈ្មោះ សួន ភក្តី ភេទប្រុស កើតនៅឆ្នាំ១៩៨២ និងទី៣. ឈ្មោះ សោម ដារ៉ា ហៅ បារាំង ភេទប្រុស កើតនៅឆ្នាំ១៩៧៩ ជនល្មើសទាំង ៣នាក់នេះ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងទឹកដី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយកសាងសំណុំរឿងបញ្ជូន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាម នីតិវិធី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបង្ហាញមុខជនល្មើសទាំង៣នាក់ខាងលើ នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា ប៉ូលិសគ្រឿងញៀន បានរឹបអូសកញ្ឆាស្ងួតពី ជនល្មើស ទាំង៣នាក់ បានចំនួន១,៤៨៧គីឡូក្រាម, ប្រេងកញ្ឆា១គីឡូកន្លះ និងឧបករណ៍សម្រាប់កែច្នៃ គ្រីបចម្រាញ់ដ៏ទំនើបមួយ ដែលមានទម្ងន់ប្រហែលជាង៣តោន។
លោកឧត្តមសេនីយ៍ បានបន្ថែមថា កញ្ឆាទាំងអស់នោះ ត្រូវបានជនល្មើសទិញមកពីប្រទេសឡាវ ដែលមានវេចខ្ចប់លាក់លួចនៅក្នុង កញ្ចប់កាហ្វេម៉ាកដាវ និងដាក់នៅក្នុងកេសកាហ្វេហ្នឹង ដែលលួចដឹកជញ្ជូន បន្លំចូលមកកម្ពុជា ហើយនឹងដឹកជញ្ជូន ទៅកាន់ប្រទេសទី៣ គឺប្រទេសធំៗ ដែលមានតម្លៃខ្ពស់។
លោកថា កញ្ឆានេះ បើគិតជាតម្លៃអាចជាង ៧លានដុល្លារអាមេរិក និងអាចប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់សែននាក់៕