(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញទៅជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងមុនឆ្នាំ១៩៧៩ ចំនួន១១៥នាក់ នៅភូមិភាគ២។
នាយទាហាន ដែលទទួលបានការបំពាក់ឋានន្តរស័ក្តិទាំង១១៥នាក់ រួមមាន ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន២២នាក់, ថ្នាក់វរសេនីយ៍ឯក ចំនួន២៩នាក់, ថ្នាក់វរសេនីយ៍ទោ ចំនួន៤២នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន១៣នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន៣នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន២នាក់។
ការបំពាក់ឋានន្តរស័ក្តិជូននាយទាហានទាំងអស់នេះ គឺជាការលើកទឹកចិត្ត និងដឹងគុណ ចំពោះការចូលរួមការពារទឹកដី ជូនជាតិមាតុភូមិ នៅគ្រាដ៏លំបាក ឲ្យមានសន្តិភាពរហូតមកដល់ពេលនេះ។
នេះជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពនៅក្នុងឆ្នាំ១៩៧៩ ចុះហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃខាងមុខ៕