(ភ្នំពេញ)៖ ក្រុមការងារសភាសម្ព័ន្ឋសហជីព ជាតិកម្ពុជាដឹកនាំដោយលោក ឈុ វាសនា លោក សុខ សម្បត្តិ លោក សាត់ ឈាង ហួ លោកស្រី សៀ គន្ធា លោក ចាន់ សារ៉េត លោក សៀង ប៊ុនហ៑ាង តំណាងឲ្យលោក សោម អូន ប្រធានសភា សម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយ របស់មូលនិធិអ៉ិនអេស៊ី «NACC Foundation» ជូនលោក អោក សារឿន អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ព្រះកេតុមាលា។
លោក អោយ សារឿន ជាសមាជិករបស់សមាគម ម៉ូតូឌុបកម្ពុជា-អាស៑ាន ហើយបានទទួលនូវទឹកប្រាក់ចំនួន ៣៣ម៉ឺនរៀល និង ៣០ដុល្លារ សរុបទាំងអស់៤៥ម៉ឺនរៀល។
សូមបញ្ជាក់ថា លោក អោក សារឿន ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប មានជីវភាពក្រីក្រ និងមានជម្ងឺលើសឈាម ហើយកាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លោកបានដួលបោកក្បាលក្នុងបន្ទប់ទឹក ធ្វើឲ្យរងរបួសផ្នែកក្បាល ជាទម្ងន់ប្រឈមនឹងការវះកាត់ ។
ដោយមើលឃើញពីការលំបាកររបស់អ្នកជម្ងឺ លោក សោម អូន ក៏បានចាត់តាំងតំណាងក្រុមការងារ នាំយកថវិកាមួយចំនួន ឧបត្ថម្ភ ជូនលោក ដើម្បីជួយដោះស្រាយនូវការលំបាកមួយចំនួន ។
លោក អោក សារឿន និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់ លោកប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចុះមកសួរសុខទុក្ខ និងបានផ្តល់ថវិកាមួយចំនួនដល់លោក ដែលកំពុងតែជួបប្រទះនូវកង្វះខាត យ៉ាងធំធេងសម្រាប់ថ្លៃព្យាបាល ៕