(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បន្តការជួសជុលឡើងវិញនូវ ក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី ក្នុងតំបន់អង្គរសៀមរាប ដែលគម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូង នៅឆ្នាំ២០១៨ ខាងមុខ។
លោក ផាក ដុងហ៊ី មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បានគូសបណ្ជាក់ផងដែរថា «មន្ត្រីសម្របសម្រួលនៃគម្រោងខាងលើ បានបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ មានការងារដែលត្រូវធ្វើចំនួន ៣ធំៗ៖ ១.ការងារបណ្តុះបណ្តាលធនធានមនុស្ស, ២.ការងារស្រាវជ្រាវចងក្រងឯកសារ, ៣.ការងារអភិរក្សជួសជុលស្តារឡើងវិញ ហើយសព្វថ្ងៃគម្រោងនេះ កំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញ នឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ»។
មន្ត្រីដដែលបានបន្តមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor បានតម្រូវឲ្យក្រុមការងាររបស់លោក ធ្វើការអភិរក្សជួសជុលទៅលើចំណុច ៣សំខាន់ៗ នៃក្រុមប្រាសាទព្រះពិធូរ មានការជួសជុលលើផ្នែកតូចៗ ជុំវិញប្រាសាទ ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញ នូវកសិន្ធុជុំវិញប្រាសាទ។
លោក ដុង ហ៊ី បានបន្ថែមថា «រហូតមកទល់ពេលនេះ យើងបានសិក្សាចងក្រជាឯកសារបានច្រើនហើយ ហើយនៅរវាងខែមីនា និងមេសា ឆ្នាំ២០១៧ ខាងមុខ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយ ដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង និងស្តាប់យោបល់របស់អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗ ដែលកំពុងអនុវត្តការងារជួសជុល នៅក្នុងរមណីយដ្ឋានអង្គរ ប៉ុន្តែជាជំហានដំបូងយើងនឹងធ្វើការអភិរក្សជួសជុល ទៅលើរានហាលនៃប្រាសាទកោរជុក (ប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទព្រះពិធូរទាំង៥) ជាមុនសិន»។
លោកថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះ បានសាងសង់អគារពិព័រណ៍មួយ នៅខាងមុខប្រាសាទកោរជុក ដែលអាគារពិព័រណ៍នេះ នឹងបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង ផែនការ សកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការ នៅចុងខែមករា ឆ្នាំ២០១៧ ខាងមុខ។
លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានបញ្ជាក់ដែរថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរ មានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការណាមួយ ចងក្រងច្បាស់លាស់នៅឡើយ។ ការស្រាវជ្រាវរបស់ប្រទេសបារាំង បានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។
លោកបញ្ជាក់ថា គេមិនទាន់ដឹងថា មូលហេតុអ្វីទើបបារាំងដាក់ឈ្មោះ ប្រាសាទទាំង៥នេះ ដូច្នេះឡើយ តែតាមពិតប្រាសាទនេះ មានឈ្មោះរបស់ខ្លួន តាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺប្រាសាទកោរជុក ប្រាសាទជម ប្រាសាទតាទួត ប្រាសាទដូនមារ និងប្រាសាទសណ្តកយក្ស។
តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះ អាចនឹងសាងសង់ឡើងក្នុងសម័យកាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះ ជឿជាក់ថា ក្រោយការស្រាវជ្រាវចងក្រងឯកសារ ដើម្បីធ្វើការអភិរក្សជួសជុលឡើងវិញរបស់ក្រុមអ្នកជំនាញកម្ពុជា និងកូរ៉េហើយ គេនឹងទទួលបានទិន្នន័យ និងកម្រងប្រវត្តិសាស្ត្រជាក់ច្បាស់ជាមិនខាន៕
http://image.freshnewsasia.com/2016/fn-2016-12-27-19-57-20-2.JPG http://image.freshnewsasia.com/2016/fn-2016-12-27-19-57-24-3.JPG