(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងនូវអភិក្រមនៃការអប់រំមួយឃ្លា បញ្ជាក់ប្រាប់ដល់សិស្សនិសិ្សតថា «គ្មានការអប់រំ គឺគ្មានអរិយធម៌ គ្មានព្រលឹងវប្បធម៌, ការអប់រំ ជាគ្រឹះនៃការអភិវឌ្ឍន៍ និងជាប្រៀបខ្លាំងរបស់ជាតិ»។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យកម្ពុជា ជំនាន់ទី១២ ឆ្នាំសិក្សា២០១៥-២០១៦ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្ដីសាទរ ដោយបានចូលរួមជាមួយសិស្សានុសិស្សទាំងអស់ ដែលប្រកបដោយគុណធម៌ ក្រមសីលធម៌ល្អ និងគោរពឱវាទសាស្ត្រាចារ្យគ្រូបង្រៀនទាំងអស់ ពិសេសអាណាព្យាបាលរបស់សិស្សនិស្សិត ដែលបានចំណាយធនធានសម្រាប់ការសិក្សា តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា លទ្ធផលដែលបានផ្ដួចផ្ដើមប្រារព្ធរៀបចំព្រឹត្ដិការណ៍ ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ នាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ការកសាងធនធានមនុស្ស និងមូលធនបញ្ញា ដែលរាជរដ្ឋាភិបាលកំពុងជំរុញការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្សនិស្សិត ឲ្យឡើងដល់ស្ដង់ដារ ដែលអាចធ្វើសមាហរណកម្មជាមួយតំបន់ និងពិភពលោកបាន។
លោកស្រីបានបញ្ជាក់ថា ជាមួយការលើកតម្លៃគុណភាពអប់រំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ចតុស្ដម្ភនៃការអប់រំមាន៖ ១. រៀនដើម្បីមានចំណេះដឹង, ២. រៀនដើម្បីមានចំណេះធ្វើ, ៣. រៀនដើម្បីក្លាយជាពលរដ្ឋល្អ និង៤. រៀនដើម្បីចេះរួមរស់ជាមួយគ្នាដោយសុខដុមរមនា៕