Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើមគល់រាំង ដ៏ធំមួយដើម ដែលឈ្មួញប្រុង​នាំយក​ទៅលក់ នៅទីផ្សារ​វៀតណាម ត្រូវនគរបាល​បង្ក្រាប នៅស្រុក​ពោធិ៍រៀង

27-12-2016 18:39

(ព្រៃវែង)៖ ដើមគល់រាំង ដែលត្រូវមន្រ្តីរដ្ឋបាលព្រៃវែង អះអាងថា ជាប្រភេទដើមហាមធ្វើការជួញដូរនោះ ត្រូវបានកម្លាំងនគរបាលស្រុកពោធិ៍រៀង បង្ក្រាបបានជាក់ស្តែង ខណៈឈ្មួញកំពុងដឹកជញ្ជូន នាំយកទៅលក់នៅលើទីផ្សារវៀតណាម ដែលកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង។ អភិបាលស្រុកពោធិ៍រៀង លោក សួន សុម៉ាលីន បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះថា «ប្រតិបត្តិការបង្ក្រាបការជួញដូរដើមគល់រាំង ឬហៅថា ដើមតាអួនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែធ្នូ ស្ថិតនៅខាងជើងស្ពានអូផ្ទោល ភូមិសាស្រ្តភូមិកំពង់ក្រមួន ឃុំព្រែករោង ស្រុកពោធិ៍រៀង ដោយកម្លាំងនគរបាល ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្ត»

លោកអភិបាលស្រុកបានបន្តទៀតថា ការបង្ក្រាបនេះគឺធ្វើឡើងខណៈឈ្មួញកំពុងតែដឹកតាមរឹម៉ក់ ហើយពេលដែលកម្លាំងនគរបាលដឹកនាំដោយលោក ជា រតនា អធិការនគរបាលស្រុក កំពុងចុះល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែប្រទះឃើញ និងមានការសង្ស័យ ក៏ធ្វើការឆែកឆេរ ស្រាប់តែឃើញដើមនេះ មានទំហំ៣ម៉ែត្រ និងប្រវែង ៣.៧០ម៉ែត្រ ដោយមានច្រកចំបើង និងមានសំបកឡាំង ដាក់ទ្រាប់ជុំវិញរឺម៉ក់ ដើម្បីបំភាន់ភ្នែកដូចជាដឹកស្រូវ។

យ៉ាងណាក៏ដោយ បើតាមអភិបាលស្រុក សម្រាប់ជនសង្ស័យវិញ បានរត់គេចខ្លួននៅពេលដែលកម្លាំងនគរបាលចុះបបង្ក្រាប ហើយវត្ថុតាងទាំងនេះ ត្រូវបាននាំយក​រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕